ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន សហរដ្ឋអាមេរិក (ស.រ.អា) ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦។
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស ទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងលោក អេនតូនី ប្លីនខេន រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិកជាសហប្រធាននៃកិច្ចប្រជុំនេះ។
អាស៊ានបានកត់សម្គាល់ការប្តេជ្ញារបស់ស.រ.អា ក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីជំរុញសន្តិភាព និងវិបុលភាពក្នុងតំបន់ ស្របតាមគោលការណ៍ដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យយុទ្ធសាស្ត្រទាំង៤។ អាស៊ានបានស្វាគមន៍ចំពោះសំណើស.រ.អា ក្នុងការពង្រីកទំនាក់ទំនងអាស៊ាន -ស.រ.អា ក្នុងវិស័យដឹកជញ្ជូនសមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាចស្រ្តី ថាមពល ការការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ហើយរំពឹងដល់ការធ្វើសកម្មភាពរួមគ្នានាពេលដ៏ខ្លីខាងមុខ។
កិច្ចប្រជុំបានសម្តែងការគាំទ្រចំពោះសំណើសេចក្ដីប្រកាសថ្នាក់ដឹកនាំអាស៊ាន-ស.រ.អា ស្តីពីការអភិវឌ្ឍឌីជីថល ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ស.រ.អា លើកទី៩ នៅខែតុលា ឆ្នាំ២០២១ ហើយដែលអាចនឹងពង្រឹងការត្រៀមខ្លួនរបស់អាស៊ានសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ (4IR) និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការតភ្ជាប់ទំនាក់ទំនងឌីជីថល និងគម្លាតការអភិវឌ្ឍព័ត៌មានវិទ្យា (ICT) នៅក្នុងអាស៊ាន។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ស.រ.អា ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ ឯកឧត្តម បានសម្តែងនូវសុទិដ្ឋិនិយមថា អាស៊ាន និងស.រ.អា នឹងបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ នេះ ដើម្បីអាចចាប់ផ្តើមឡើងវិញនូវការធ្វើដំណើរដោយសុវត្ថិភាព ការផ្លាស់ប្តូរធុរកិច្ច និងសេដ្ឋកិច្ច ដោយមិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងអាស៊ាន និងស.រ.អា ព្រមទាំងជា មួយ នឹងប្រទេសនានាក្នុងសកល លោកផងដែរ។
ចំពោះបញ្ហាតំបន់ និងអន្តរជាតិ លោកឧប នាយករដ្ឋមន្ត្រី បានចែករំលែកការព្រួយបារម្ភអំពីផលអវិជ្ជមានដែលបណ្តាលមកពីភាពស្មុគស្មាញដែលកំពុងតែកើនឡើង និងភាពធ្ងន់ធ្ងរនៃការ ប្រកួតប្រជែងភូមិសាស្រ្តនយោបាយ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews