26 C
Phnom Penh
Friday, October 18, 2024

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ចុះពិនិត្យសកម្មភាពរស់នៅប្រជាពលរដ្ឋ ដែលទទួលផលពីគម្រោងបែងចែកដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ( LASED I&II&III ) ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះពិនិត្យសកម្មភាពរស់នៅរបស់​ប្រជាពលរដ្ឋ ដែលទទួលផលពីគម្រោងបែងចែកដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ( LASED ) នៅខេត្តជាប់ព្រំដែនប្រទេសវៀតណាម មាននៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ( LASED I&II ) និងភូមិអូរអណ្ដូង ស្រុកអូររាំង ខេត្តមណ្ឌលគិរី ( LASED III ) នាថ្ងៃ១០ ខែតុលា ឆ្នាំ២០២៤ ។

គម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (LASED) របស់រាជរដ្ឋាភិបាល បានអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា ជាប់នឹងប្រទេសវៀតណាម ដែលទទួលបានផលពីគម្រោង កាន់តែមានជីវភាពល្អប្រសើរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកទឹកចិត្តបន្ថែមទៅដល់ប្រជាពលរដ្ឋ ដែលទទួលផលពីគម្រោង សូមបន្តខិតខំប្រឹងប្រែងក្នុងការដាំដុះដាំណាំ បង្កបង្កើនផលបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ។
ប្រជាពលរដ្ឋរស់នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ក្នុងគម្រោង LASED I&II បានសម្តែងនូវក្តីសប្បាយរីករាយ ដែលរាជរដ្ឋាភិបាល​បានគិតគូរ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពួកគាត់ តាមរយៈខិតខំការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាដាក់ចេញនូវផែនការ យុទ្ធសាស្ត្រ និងគោលនយោបាយនានា ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ ក៏បានដឹកនាំគណៈប្រតិភូចុះពិនិត្យ LASED III ស្ថិតក្នុងភូមិអូរអណ្ដូង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានគម្រោងសាងសង់អគារសាលាបឋមសិក្សា ១ខ្នង មាន៥បន្ទប់ (បំពាក់តុ កៅអីគ្រូ និងសិស្ស) ស៊ីទែនស្ដុកទឹកអំពីលូបេតុង ដងទង់ជាតិ អណ្ដូងខួងបំពាក់ម៉ូទ័រសូឡា និងបង្គន់អនាម័យ ៥បន្ទប់ ។

គួរបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលគាំទ្រដោយរាជរដ្ឋាភិបាល ក្នុងការបែងចែកដីជូនប្រជាពលរដ្ឋក្រីក្រ ឬគ្មានដី ឬប្រជាពលរដ្ឋដែលមានដីតិចតួច ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពួកគាត់ ហើយគម្រោងនេះ ត្រូវបានអនុវត្តជាបន្តបន្ទាប់ នៅតាមបណ្ដាខេត្តមួយចំនួន មានខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តស្វាយរៀងជាដើម ដែលភាគច្រើននៅតាមខេត្តជាប់ព្រំដែន ដោយដំណាក់កាលដំបូងចាប់ផ្ដើមពីឆ្នាំ២០០៨ ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img