(ភ្នំពេញ) ៖ បច្ចុប្បន្ននេះល្បែងស៊ីសងភ្នាល់តាមអនឡាញកើតមានឡើងជាហូហែក្នុងរាជធានីភ្នំពេញ ជាពិសេសខណ្ឌដូនពេញឯណោះវិញ សំបូរទៅដោយល្បែងស៊ីសងភ្នាល់តាមអនឡាញយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្មានអាជ្ញាធរ និងសមត្ថកិច្ចណាបង្ក្រាបទាល់តែសោះ លើកលែងតែមានការដឹងលឺដល់ថ្នាក់ដឹកនាំ ទើបឃើញនាំគ្នាចុះបង្ក្រាប។
តួយ៉ាងបើតាមប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា៖ មានទីតាំងភ្នាល់តាមអនឡាញចំនួន២ទីតាំងកំពុងដុះស្លែស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលមានដូចជា៖ ភ្នាល់ចាក់បាល់ បៀការ៉ាត់ បញ្ជាល់មាន់តាមអនឡាញ ជាដើម។ ទីតាំងទី១៖ ស្ថិតនៅផ្ទះល្វែងគ្មានលេខ ផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខាងជើងវត្តឧណ្ណាលោម និងទីតាំងទី២៖ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ថ្វីបើការបើកលេងបានយ៉ាងរលូនបែបនេះ គេមិនដឹងថា ម្ចាស់ទីតាំងល្បែងខាងលើនេះ បានសែនអ្វីខ្លះទេដល់មន្ដ្រីមូលដ្ឋាន? បានជាមិនឃើញមានការបង្ក្រាបហាក់ដូចជាបណ្ដែតបណ្ដាយខ្លាំងមែនទែន។ កន្លងមកទីតាំងទាំង២នេះ មានការហ៊ោកញ្ច្រៀវដោយគ្មានការខ្លាចរំខានដល់ប្រជាពលរដ្ឋទាល់តែសោះ ហើយគ្មានខ្វល់ពីភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលនោះទេ។
កន្លងមកមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋទៅកាន់អាជ្ញាធរមូលដ្ឋានក្ដី ប៉ុន្ដែការចុះបង្ក្រាបហាក់ដូចបានត្រឹមតែធ្វើឲ្យល្អមើលតែប៉ុណ្ណោះ ដោយឃើញមានការបើកលេងដដែល ហាក់គ្មានខ្វល់ខ្វាយអ្វីបន្ដិចសោះ។ខណៈពេលអ្នកញៀនល្បែងចូលលេងនៅទីនោះ មានបុគ្គលខ្លះហ៊ានដល់ថ្នាក់សេពគ្រឿងញៀននៅក្នុងនោះទៀតផងដូចជាអាណាធិបតេយ្យពេក។
ប្រជាពលរដ្ឋជាច្រើននាក់សូមធ្វើការសំណូមពរដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ដ្រីក្រោមឪវាទពិនិត្យទីតាំងខាងលើនេះ និងបង្ក្រាបល្បែងស៊ីសងភ្នាល់តាមអនឡាញនេះផងទាន៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News