រដ្ឋបាលជលផលកាលពីថ្ងៃចន្ទ បានចេញសេចក្តីណែនាំដល់កសិដ្ឋានចិញ្ចឹមក្រពើទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នបន្ថែមជាមួយនឹងការគ្រប់គ្រង និងសុវត្ថិភាព ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។
សេចក្តីណែនាំថ្មីរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្មដែលចែកចាយដោយអាជ្ញាធរ បានផ្តល់សេចក្តីណែនាំស្តីពីការគ្រប់គ្រង ការចិញ្ចឹម និង ការអភិរក្សសត្វក្រពើ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងកសិដ្ឋានចិញ្ចឹមក្រពើ។
គោលការណ៍ណែនាំនេះ មានរចនាសម្ព័ន្ធត្រឹមត្រូវក្នុងការចិញ្ចឹមក្រពើ ឲ្យមានសុខភាព និង សុវត្ថិភាព។ វាក៏បានបង្ហាញអំពីនីតិវិធីត្រឹមត្រូវ ដើម្បីទទួលបាននូវសុវត្ថិភាពសាធារណៈសម្រាប់អ្នកទស្សនាកសិដ្ឋានចិញ្ចឹមក្រពើ ជាពិសេសសម្រាប់កុមារផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលជលផលបានស្នើប្រធានមន្ទីរកសិកម្ម ប្រធានរដ្ឋបាលជលផល ឲ្យសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និង សមាគមអ្នកចិញ្ចឹមក្រពើ ដើម្បីបន្តចែកចាយ និងណែនាំបន្ថែមដល់កសិដ្ឋានចិញ្ចឹមក្រពើ និងវារីវប្បកម្ម។ ជាពិសេស មន្ត្រីជលផលអាចត្រួតពិនិត្យ និងវាយតម្លៃគុណភាព និងសុវត្ថិភាពស្រះនៅកសិដ្ឋានចិញ្ចឹមក្រពើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
គោលការណ៍ណែនាំបានបង្ហាញដែរថា សមាគមអ្នកបង្កាត់ពូជសត្វក្រពើ ត្រូវតែផ្តល់ការណែនាំបន្ថែម និងកិច្ចប្រជុំទៀងទាត់ ដើម្បីផ្តល់ឱកាសដល់អ្នកបង្កាត់ពូជ និងចែករំលែកបទពិសោធន៍ជាមួយគ្នាលើការងារ សុវត្ថិភាព អនាម័យ និងទីផ្សារក្រពើ។
ប្រធានរដ្ឋបាលជលផលសៀមរាប លោក ធិន នីសុធី បានថ្លែងកាលពីម្សិលមិញថា ខេត្តសៀមរាបជាខេត្តមួយដែលមានអ្នកចិញ្ចឹមក្រពើច្រើនជាងគេ។
លោកបន្តថា មានកសិដ្ឋានចិញ្ចឹមក្រពើចំនួន ២៩៦ កន្លែង ក្នុងនោះ មានសមាគមអ្នកចិញ្ចឹមក្រពើចំនួនពីរ។ មុននឹងសាងសង់កសិដ្ឋានចិញ្ចឹមក្រពើ រដ្ឋបាលជលផលត្រូវពិនិត្យផែនការសាងសង់កសិដ្ឋាន ដោយត្រូវមានទ្វារ ជណ្តើរ អាងចិញ្ចឹមក្រពើ និង ឧបករណ៍ប្រើប្រាស់ត្រឹមត្រូវ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសវាងគ្រោះថ្នាក់ផ្សេងៗ។
លោកមានប្រសាសន៍ថា៖«អ្នកចិញ្ចឹមក្រពើមួយចំនួនមានការធ្វេសប្រហែសក្នុងរដូវភ្ញាស់ពងក្រពើ ដែលនាំឲ្យមានគ្រោះថ្នាក់»។
លោកបានបន្ថែមថា កាលពី២ឆ្នាំមុន នៅខេត្តសៀមរាប ក្មេងស្រីម្នាក់បានស្លាប់ នៅពេលដែលឪពុកម្តាយរបស់នាងភ្លេចចាក់សោទ្វារអាងក្រពើ ហើយក្មេងស្រីនោះបានធ្លាក់ចូលទៅក្នុងទឹក ហើយត្រូវក្រពើខាំស្លាប់ បន្សល់ទុកតែលលាដ៍ក្បាល។
លោកក៏បានដាស់តឿនដល់ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមក្រពើ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ។
លោក គង់ វិសាល សមាជិកសមាគមបង្កាត់ពូជសត្វក្រពើខេត្តសៀមរាប មានប្រសាសន៍កាលពីម្សិលមិញថា លោកបានមើលឃើញថា ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបកំពុងចិញ្ចឹមក្រពើ ស្របតាមនីតិវិធីបច្ចេកទេសត្រឹមត្រូវ និងសុវត្ថិភាព។
លោកបានបន្តទៀតថា គ្រោះថ្នាក់មុននោះ បណ្តាលមកពីម្ចាស់កសិដ្ឋាន ផឹកស្រាស្រវឹងជោកជាំ ក៏ធ្វេសប្រហែសធ្លាក់ចូលអាងក្រពើតែម្តង៕
ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News