កំពត៖ ប្រឡាយព្រែកជីកក្នុងក្រុងកំពត ជាផ្លូវរំដោះទឹកចេញពីក្រុងដ៏សំខាន់បំផុត ដែលអាចបញ្ចៀសការជន់លិចក្រុងនៅរដូវវស្សា។ ក្រៅពីនេះដើម្បីបញ្ចៀសទឹកជំនន់នេះ រដ្ឋបាលខេត្តកំពត បានលើកគម្រោងស្តារប្រឡាយ និងស្ថាបនាផ្លូវបេតុងសងខាងប្រឡាយជា២ដំណាក់កាល ដំណាក់កាលទី១ ប្រវែង ១.៤៤០ម៉ែត្រ សម្រេចបាន ៧៥ភាគរយ ដំណាក់កាលទី២ បន្តប្រវែង ៤២៥ម៉ែត្រទៀត និងរួមបញ្ចូលទាំងការស្ថាបនាស្ថានីយបូមទឹកប្រឡាយ១កន្លែង និងស្ថានីយមេ សម្រាប់បូមទឹកកខ្វក់១កន្លែងផងដែរ។
លោក ជា ចំរើន អ្នកត្រួតពិនិត្យបច្ចេកទេសគម្រោង បានឱ្យដឹងថា គម្រោងស្តារ និងស្ថាបនាផ្លូវប៉េតុងសងខាងប្រឡាយព្រែកជីកក្រុងកំពត បានដំណើរការសាងសង់ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពីចុងឆ្នាំ២០២១។ ការស្ថាបនាប្រឡាយ និងផ្លូវបេតុងដំណាក់ទី១ មានប្រវែង ១.៤៤០ម៉ែត្រ គិតមកដល់ពេលនេះសម្រេចបានប្រមាណ ៧៥ភាគរយ(ក្នុងនោះបានផ្លូវដីស និងប្រឡាយបេតុងបាន ១.៤០០ម៉ែត្រ)។ ក្រៅពីនេះ រដ្ឋបាលខេត្តកំពតបានបន្តធ្វើប្រឡាយ និងផ្លូវបេតុងដំណាក់កាលទី២នាពេលនេះ មានប្រវែង ៤២៥ម៉ែត្របន្ថែមទៀត ហើយក្នុងនោះរួមបញ្ចូលទាំងការស្ថាបនាស្ថានីយបូមទឹកប្រឡាយនៅចុងព្រែក ១កន្លែង និងស្ថានីយមេបូមទឹកកខ្វក់ក្រោយផ្សាររុយ ១កន្លែងផងដែរ។ តាមគម្រោង ការសាងសង់គ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងខែធ្នូ ឆ្នាំ២០២២។
ប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងប្រឡាយព្រែកជីក បានប្រាប់អំពីការលំបាកមុនពេលមិនទាន់បានស្តារព្រែកជីកថា ស្ពានចាស់បាក់ឌ្រុធទ្រោម ប្រឡាយរាក់ពោពេញទៅដោយសំរាម ហើយទឹកក្លិនស្អុយក្នុងរដូវវស្សា ស្ទះទឹក បង្កឱ្យមានការជន់លិចផ្ទះសំបែងជាប្រចាំ។ ពួកគាត់ពិតជាសប្បាយចិត្ត ពេលឃើញរដ្ឋបាលខេត្តយកចិត្តទុកដាក់ និងជំរុញការសាងសង់ឱ្យបានឆាប់រហ័ស។
យោងតាមការឱ្យដឹងពីមន្ត្រីជំនាញ បានបញ្ជាក់ថា ព្រែកជីកក្រុងកំពត មានមានប្រវែង ១.៨៦៥ម៉ែត្រ ដែលភ្ជាប់ទៅព្រែកកំពត ជាផ្លូវទឹកឆ្លងកាត់ចំនួនពីរភូមិ គឺភូមិជុំក្រៀល ឃុំត្រពាំងធំ ស្រុកទឹកឈូ(ស្ពានភូមិតាអេង) និងភូមិកំពង់កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពត ព្រែកជីកនេះមិនដែលបានស្តាររយៈពេលរាប់សិបឆ្នាំមកហើយ ទើបតែពេលនេះ មិនត្រឹមតែបានស្តារដើម្បីបញ្ចៀលការជន់លេចទឹកនោះទេ ថែមទាំងធ្វើផ្លូវបេតុងអមសងខាងដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងប្រកបអាជីវកម្មផ្សេងៗថែមទៀតផង៕
អត្ថបទ និងរូបភាពដោយPuthinews