បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី រួមនឹងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី បានចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការកាយបើកមុខទឹករំដោះទឹកភ្លៀងជន់លិចផ្លូវ និងតំបន់ប្រជាពលរដ្ឋរស់នៅក្បែមាត់អូរព្រំដែនមួយចំនួន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏បានផ្តល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគជូនបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៧០គ្រួសារ ដែលទៅរស់នៅលើទីកន្លែងទួលសុវត្ថិភាពដែលក្រុមការងារក្រុង/សង្កាត់បានរៀបចំចំនួន ៣ទីតាំង។
លោក អ៊ុ រាត្រី បានលេីកឡេីងថា ស្ថានភាពទូទៅក្នុងក្របខណ្ឌទូទាំងខេត្តបន្ទាយមានជ័យ ស្ថានភាពទឹកមិនទាន់មានបញ្ហាបង្កឱ្យជន់លិចធ្ងន់ធ្ងរនោះទេ ប៉ុន្តែស្ថានភាពទឹកមានការហក់ឡើងខ្លាំង ក្នុងតំបន់មួយចំនួនក្នុងរយៈពេល២សប្តាហ៍នេះ ដោយរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ បង្ករឱ្យមានការឡើងជន់លិចផ្លូវ សាលារៀន ដំណាំរួមផ្សំ កសិកម្មតិចតូច និងលិចក្រោមផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅតំបន់ទំនាប ជាប់មាត់ស្ទឹង អូរជាដើម។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏បានអំពាវនាវ ដល់ថ្នាក់ដឹកនាំមន្ត្រីមូលដ្ឋានអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ឱ្យត្រៀមលក្ខណៈ ទាំងសម្ភារ កងកម្លាំង ដើម្បីត្រៀមចុះជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមានទឹកជំនន់ធ្ងន់ធ្ងរជាយថាហេតុណាមួយកើតឡើង។ ដោយឡែប្រជាពលរដ្ឋ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួន៕
អត្ថបទ និងរូបភាពដោយ៖ Puthi News