ស្តាប់អត្ថបទជាសំឡេង
កំពត៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានប្រាប់ដល់អាជ្ញាធរ ក្រុង ស្រុក រួមនឹងមន្ត្រីជំនាញ ត្រូវបង្កើនទំនួលខុសត្រូវក្នុងការបំពេញតួនាទី និងការប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ក្នុងការចូលរួមទប់ស្កាត់បទល្មើសដីធ្លីនៅក្នុងដែនរដ្ឋបាលរបស់ខ្លួន។ ការដាក់បទបញ្ជាដូចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតលើកទី៣៦ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
លោក ជាវ តាយ បានលើកឡើងថា សភាពការណ៍ថ្មីៗកន្លងមកនេះ នៅក្នុងភូមិសាស្ត្រខេត្តកំពត រដ្ឋបាលខេត្តបានពិនិត្យឃើញថា មានបទល្មើសចាក់ដីរំលោភយកដីសាធារណៈរបស់រដ្ឋ និងដីរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជនកើតមានជាបន្តបន្ទាប់ ភាគច្រើនកើតមាននៅក្នុងស្រុកទឹកឈូ ដែលជាស្រុកមានវិសាលភាពធំ និងសំបូរទៅដោយភ្នំ ព្រែកប្រឡាយ។ បទល្មើសដីធ្លីទាំងនេះ ដោយសារការខ្វះចន្លោះ មិនមានវិធានការទប់ស្កាត់ អនុវត្តផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ទាន់ពេលវេលាពីអាជ្ញាធរ ក្រុង ស្រុក ដែលធ្វើឱ្យបុគ្គលល្មើសមិនយល់ពីច្បាប់ ហើយក៏មានឱកាសរំលោភបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ចំណុចសំខាន់អាជ្ញាធរ ក្រុង ស្រុក នីមូយៗ ហាក់មិនមានការយកចិត្តទុកដាក់ ចំពោះចំណាត់ការទប់ស្កាត់ ឬក៏បិទបាំង មិនបានរាយការណ៍ទៅរដ្ឋបាលថ្នាក់ខេត្តឱ្យបានដឹង ដើម្បីជាវិធានការ ចំណាត់ការអនុវត្តច្បាប់ ហើយបញ្ហានេះបែរជារដ្ឋបាលខេត្តទទួលរបាយការណ៍ពីអ្នកសារព័ត៌មានទៅវិញ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការលើកឡើងនេះ មិនមានចេតនាណាមួយចោទប្រកាន់ទៅលើរដ្ឋបាលក្រុង ស្រុកនោះទេ ប៉ុន្តែនេះជាបទពិសោធន៍ដែលដែល ក្រុង ស្រុក នីមួយៗ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ អំពីសកម្មភាពនៃការចាក់រំលោភ កាន់កាប់ដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិរដ្ឋធ្វើជាកម្មសិទ្ធិឯកជន ហើយក្នុងនាមជាអាជ្ញាធរ ត្រូវតែយកចិត្តទុកដាក់មានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
ក្រៅពីនេះ អភិបាលខេត្តកំពត ក៏បានស្នើឱ្យរដ្ឋបាល ក្រុង ស្រុក ទាំងអស់ ពិនិត្យមើលឡើងវិញនូវអំណាចគ្រប់គ្រងរបស់រដ្ឋបាលនីមួយៗ ព្រោះថាគណៈបញ្ជាការឯកភាពរដ្ឋបាលមានគ្រប់ថ្នាក់ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក ទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល និងក្នុងនាមជាអ្នកទទួលខុសត្រូវចំពោះប្រជាពលរដ្ឋផង៕