ប្រហែល ជាយេីងទាំងអស់គ្នាសុទ្ធសឹងតែធ្លាប់បានទស្សនាអង្គរធំ ដែលតំណាងនូវភាពរុងរឿងរបស់អតីតចក្រភពខ្មែរហេីយ…
ចំពោះរូបខ្ញុំ នៅពេលដែលខ្ញុំឈរនៅចំពីមុខខ្លោងទ្វារ ខ្ញុំបែរជាសម្លឹងមេីលឃើញ នូវប្រស្នារបស់បុព្វបុរសខ្មែរយេីង ដែលពោរពេញទៅដោយទឹកចិត្តគួរឲ្យគោរពស្ញប់ស្ញែង និងបង្កប់ នូវការអប់រំទូន្មានដល់បច្ឆាជនខ្មែរទាំងឡាយទៅវិញ…
តេីលោកអ្នកដឹងឬទេថា នៅខាងមុខខ្លោងទ្វារ វាមានរូបទេវតានិងយក្សទាញនាគកូរសមុទ្រទឹកដោះ គឺបុព្វបុរសខ្មែរយេីងចង់ប្រាប់យេីងថា ទេវតាតំណាងឲ្យសភាវៈល្អ និងយក្សតំណាងឲ្យសភាវៈអាក្រក់ ដែលកំពុងខិតខំប្រឹងប្រែងទាញយកឈ្នះ ចាញ់គ្នា និងធ្វើជាបង្កាន់ដៃស្ពានឆ្លងទន្លេអុំ។

រូបយក្សនិងទេវតា គឺតំណាងឲ្យចិត្តអាក្រក់និងចិត្តល្អ ដែលកំពុងតែស្ថិតក្នុងបេះដូងរបស់យើង ហើយប្រសិនបើចិត្តល្អឈ្នះ នោះយើងនឹងក្លាយទៅជាមនុស្សល្អ តែប្រសិនបេីចិត្តអាក្រក់ឈ្នះ នោះយើងនឹងក្លាយទៅជាមនុស្សអាក្រក់ហើយ…
ការទាញព្រ័ត្រគឺជាល្បែងប្រជាប្រិយមួយរបស់ខ្មែរមួយ ដែលបញ្ជាក់នូវការរួបរួមចិត្តតែមួយរបស់ខ្មែរពីអតីតកាល និងតំណាងឲ្យសាមគ្គីភាពរបស់ខ្មែរពីអតីតកាល…

ក្នុងល្បែងទាញព្រ័ត្រនេះ ប្រសិនបើក្រុមណាមួយគ្មានសាមគ្គីភាពជាធ្លុងមួយទេ ក្រុមនោះប្រាកដជាចាញ់ហើយ នេះគឺបុព្វបុរសខ្មែរប្រដៅខ្មែរ ឲ្យខ្មែរយេីងត្រូវតែចេះសាមគ្គីគ្នា និងកុំបែកបាក់គ្នាឲ្យសោះ….
នៅពេលដែលយើងដើរចូលទៅកាន់ខ្លោងទ្វារ យើងត្រូវឆ្លងទន្លេអុំ។

ការឆ្លងទន្លេគឺតំណាងឲ្យការឆ្លងគ្រោះថ្នាក់ ប្រៀបបីដូចជាស្ត្រីឆ្លងទន្លេជាដើម ហើយនេះវាមានន័យថា គឺខ្មែរត្រូវសាមគ្គីគ្នាទើបខ្មែរអាចឆ្លងផុតគ្រោះថ្នាក់ទៅរកទឹកអម្រិត ដែលជាតំណាងឲ្យភាពរុងរឿងស្ថិតស្ថេររបស់ជាតិខ្មែរ ហេីយអាចធ្វើឲ្យខ្មែររីកចម្រេីនបានជានិច្ចនិរន្តរ៍…

យើងងើបមុខឡើងសម្លឹងមើលព្រះភក្ដ្រព្រហ្មមុខបួនបែរទៅរកទិសធំទាំងបួន គឺមានន័យថា ព្រហ្មគឺជាអ្នកធំនិងជាអ្នកដឹកនាំ ដែលត្រូវមានព្រហ្មវិហារធម៌ទាំងបួន គឺមេត្តា ករុណា មុទិតា និងឧបេក្ខាដល់កូនចៅក្រោមឱវាទ ហេីយមេដឹកនាំត្រូវតែមើល ស្តាប់ និងពិចារណាគ្រប់ជ្រុងជ្រេាយ មុននឹងនិយាយឬសម្រេចការអ្វីមួយ ព្រោះយើងមានមាត់តែមួយ ដែលនិយាយមួយម៉ាត់ខុសគឺស្លាប់ និងមួយម៉ាត់ត្រូវគឺរស់ រីភ្នែកនិងត្រចៀកមានសុទ្ធតែពីរ ដែលយើងត្រូវតែស្ដាប់ និង មើលដោយការពិចារណាឲ្យបានហ្មត់ចត់បំផុត។
សរុបមកវិញ បុរាណាចារ្យខ្មែរបានប្រៀនប្រដៅកូនខ្មែរជំនាន់ក្រោយ ឲ្យត្រូវចេះសាមគ្គីគ្នាទើបឆ្លងឧបសគ្គ និងជួយឲ្យជាតិ អាចចម្រុងចម្រេីនថ្កុំថ្កេីងរុងរឿងបាន។

ដោយ៖Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News