ខ្សែការពារ ឡេង ណូរ៉ា ប្រាប់ថា ត្រូវការរយៈពេល៦សប្ដាហ៍ដើម្បីព្យាបាលបញ្ហាចង្កេះរបស់ខ្លួន ហើយនេះក៏ជាមូលហេតុមួយដែលគេមិនអាចជាប់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ដែរ។

កីឡាករក្លិបវិសាខាសង្កត់ធ្ងន់ថា ការឈឺចង្កេះនេះមិនមែនជាបញ្ហាថ្មីទេសម្រាប់គេ ហើយថា វាបានកើតឡើងដោយសារការហ្វឹកហាត់ខ្លាំងពេក លើសទៅនឹងកម្រិតអាយុរបស់គេ។ បច្ចុប្បន្នស្ថានភាពចង្កេះនេះបានធូរស្បើយច្រើនហើយ តែត្រូវហ្វឹកហាត់ទៅតាមជំហានៗដែលក្រុមការងារពេទ្យរៀបចំ ដើម្បីកុំឱ្យមានបញ្ហាទៀត។
កីឡាកររូបនេះបានសង្កត់ធ្ងន់ថា “៖ខ្ញុំឈឺចង្កេះដដែលហ្នឹង ព្រោះប្រឹងហាត់ខ្លាំងពេក។ ពេលហាត់ជាមួយក្រុមហើយ ខ្ញុំតែងតែហាត់ដោយឡែកផ្សេងទៀត។ អាយុខ្ញុំមិនទាន់ត្រូវនឹងលំហាត់ហ្នឹង អ៊ីចឹងទៅវាធ្វើឱ្យឈឺ។ ឥឡូវហាត់បានវិញខ្លះៗហើយ តែពេទ្យឱ្យលំហាត់ស្រាលៗសិន។”

យុវជនដែលនឹងឈានដល់វ័យ១៨ឆ្នាំក្នុងខែកញ្ញា ខាងមុខ ទទូចថា ពិតជាស្ដាយខ្លាំងមិនអាចមានឈ្មោះទៅស៊ីហ្គេម ខាងមុខ ដោយសារតែបញ្ហាឈឺចង្កេះនេះ។
កាលពីខែកុម្ភៈ ក្នុងព្រឹត្តិការណ៍យុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំនៅពហុកីឡដ្ឋានជាតិមរតកតេជោ ណូរ៉ា ក៏អវត្តមានពីការប្រកួតចុងក្រោយមួយចំនួនដែរដោយសារបញ្ហាចង្កេះ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News