27 C
Phnom Penh
Thursday, September 19, 2024

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសមាគមខ្មែរខេត្តហ្គីហ្វឺ រៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វី ជាមួយបងប្អូនខ្មែរប្រមាណ ១ ០០០នាក់

ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុនអមដោយមន្ត្រី និងបុគ្គលិកស្ថានទូត បានអញ្ជើញចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វី ដែលរៀបចំដោយស្ថានទូតនិងសហគមខ្មែរខេត្តហ្គីហ្វី ព្រមទាំងបានការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន និងសប្បុរសជននានា។ ព្រឹត្តិការណ៍ នេះ មានការចូលរួមពីបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅខេត្តហ្គីហ្វី និងតំបន់ផ្សេងៗនៅក្នុងប្រទេសជប៉ុនប្រមាណជា ១ ០០០នាក់ កាលពីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៤។
កម្មវិធីសំខាន់ៗមានជាអាទិ៍ ការរាប់បាត្រ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ព្រមទាំងបង្សុកូលឧទ្ទិសផលបុណ្យជូនដល់សាច់ញាតិដែលបានចែកឋាន។ ក្នុងកម្មវិធីនោះក៏មានការទទួលទានអាហារសាមគ្គី ការប្រគំតន្ត្រី និងការរាំលេងកម្សាន្តតាមបែបប្រពៃណីខ្មែរ ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនខ្មែរនៅក្នុងប្រទេសជប៉ុន ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវអារម្មណ៍រីករាយយ៉ាងខ្លាំងដោយឃើញវត្តមានរបស់បងប្អូនខ្មែរចូលរួមដ៏ច្រើនកុះករ និងលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះបានបង្ហាញនូវស្មារតីសាមគ្គីភាពដ៏ល្អ និងការស្រឡាញ់រាប់អានគ្នារបស់បងប្អូនខ្មែរនៅជប៉ុន ក្នុងគោលដៅរួមគ្នារក្សា និងផ្សព្វផ្សាយឱ្យបរទេសបានដឹងអំពីពិធីបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img