ស្តាប់អត្ថបទជាសម្លេង
បាត់ដំបង៖ នៅព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការប្រកាស់ជាផ្លូវការអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត ត្រូវបានបាត់បង់ជីវិត ជាស្ត្រីម្នាក់ មានអាយុ៦០ឆ្នាំ និងជាបុរសម្នាក់ មានអាយុ៥៣ឆ្នាំ មានទីលំនៅភូមិ និងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានយកទៅបូជាតាមបច្ចេកទេសវេជ្ជសាស្ត្រសុខាភិបាលរួចរាល់ហើយ ។
ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ដែរថា នៅថ្ងៃនេះមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរកឃើញថ្មីអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន៩៨នាក់បន្ថែមទៀត ក្នុងនោះជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៧០នាក់ ក្រៅពីនោះគឺជាពលករមកពីប្រទេសថៃ មានចំនួន២៨នាក់ ហើយមន្ត្រីជំនាញសុខាភិបាល ក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ ឱ្យជាសះស្បើយចំនួន១៥៤នាក់ផងដែរ ។
សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ រហូតមកដល់ថ្ងៃទី២១ ខែសីហា នេះខេត្តបាត់ដំបង មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥ ២០៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៤ ១៨៩នាក់ មានករណីស្លាប់ចំនួន៦៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង ចំនួន ៩៥១ នាក់ ៕
អត្ថបទ និងរូបភាពដោយ Puthinews