ខេត្តកណ្ដាល ៖ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញព្រហ្មទណ្ឌខេត្តកណ្តាល កាលពីថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៤ សហការជាមួយនគរបាលស្រុកស្អាង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបំបែកសំណុំរឿងករណីឃាតកម្មមួយ ដោយជនជាតិចិនសម្លាប់ជនជាតិចិនម្នាក់ នៅក្នុងទន្លេបាសាក់ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈបក្សពួក២នាក់កំពុងគេចខ្លួន ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១១ និង៣០នាទីព្រឹកចំណុចច្រាំងទន្លេបាសាក់ ស្ថិតនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មានករណីអំពើឃាតកម្មមួយ ដោយជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ទំនងជាជនជាតិចិន ត្រូវបានជនសង្ស័យចំនួន៣នាក់ព្រួតគ្នាវាយសម្លាប់ ។ ក្រោយពេលមានករណីឃាតកម្មនោះកើតឡើង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រកាសព័ត៌មានជាផ្លូវការភ្លាមៗថា «សូមស្នើដល់បងប្អូនសាធារណៈជនទាំងអស់ បើបានជួបឃើញរថយន្តក្នងរូបភាពនេះ (ម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាក ភ្នំពេញ 2BW-8905) សូមជួយទាក់ទងមកលេខ០១៧ ៧៨៧ ៦៦៦ បន្ទាន់ផង សូមអរគុណ» ។


ដូច្នោះ ករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរយៈពេល៤ថ្ងៃ ទើបឈានដល់ការបំបែកសំណុំរឿង និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ XU LIU MIN ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ស្នាក់នៅកាស៊ីណូកាន់ដាវ ភូមិលេខ៤ សង្កាត់លេខ៤ ក្រុង.ព្រះសីហនុ ខេត្តព្រះសីហនុ ខណៈបក្សពួក២នាក់កំពុងគេចខ្លួន ។

ពាក់ព័ន្ធករណីឃាតកម្មនោះ តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ ជាជនជាតិចិន ។ ដោយឡែក ជនល្មើសម្នាក់ដែលចាប់ខ្លួនមានឈ្មោះ (ស៊ី លាវមីន) XU LIU MIN អាយុ២៩ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិយ៉ាងជ័ង សង្កាត់យ៉ាងគូ ស្រុកឈី ខេត្តហឺណាន ប្រទេសចិន សព្វថ្ងៃស្នាក់នៅកាស៊ីណូកាន់ដាវ បន្ទប់លេខ៨៨ ជាន់ទី០៨ ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជននេះ ធ្លាប់ជាប់ពន្ធនាគារនៅប្រទេសចិនរយៈពេល២ឆ្នាំពីបទហិង្សាដោយចេតនា ។
សម្រាប់ជនល្មើស២នាក់ទៀត ដែលកំពុងរត់គេចខ្លួនមានឈ្មោះ (អូយ៉ាង ជៀនជីន) OUYANG JIANKIN ហៅ (ដាជៀន)(Da Jian) ភេទប្រុស អាយុជាង៥០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EH5861290 មានស្រុកកំណើត ខេត្តហឺណាន ប្រទេសចិន ស្នាក់នៅក្នុងកាស៊ីកានដាវ ភូមិលេខ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងជនល្មើសម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ហើយដឹកនាំបញ្ជា ផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលទទួលផែនព្រហ្មទណ្ឌ ដោយសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងជាង១១ ជនរងគ្រោះ និងជនសង្ស័យទាំង៣នាក់ បានជិះឡានម៉ាក TOYOTA ALPHARD ឡើងតែមម៉ាក Lexus LM350 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-8905 (ប្រភេទទេសចរណ៍) ជាមួយគ្នាចេញពីភូមិជ្រៃធំ ទៅខេត្តប៉ៃលិន ដើម្បីយកជនរងគ្រោះទៅធ្វើការនៅកាស៊ីណូនៅទីនោះ ដោយធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើង។

ក្រោយមក មានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច, ភ្លាមៗនោះកម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយផ្នែកអន្តោប្រវេសន៍ស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវកំណត់ភិនភាគមុខសញ្ញា និងរថយន្តដែរជនសង្ស័យជិះធ្វើសកម្មភាព ។

លុះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្តកណ្ដាល សហការជាមួយជំនាញព្រហ្មទណ្ឌស្រុកស្អាង និងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ(ស៊ី លាវមីន) XU LIU MIN យកមកធ្វើការសាកសួរ និងធ្វើការស្វែងរកបក្ខពួកជនសង្ស័យបង្កយកមកកសាងសំណុំរឿងតាមនីតិវិធី ។ ជនសង្ស័យបានឆ្លើយថា ខ្លួននិងបក្សពួក០២នាក់ទៀត បានចេញពីកាស៊ីណូឈ្មោះ កាន់ ដាវ ស្ថិតនៅខេត្តព្រះសីហនុ ដើម្បីទៅយកជនរងគ្រោះពីក្រុងសំពៅពូន យកទៅធ្វើការនៅកាសស៊ីណូនៅខេត្តប៉ៃលិន។


ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New