ការស្ទង់មតិសត្វព្រៃនាពេលថ្មីៗនេះ ដែលធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ ត្រូវបានកត់ត្រាជាង៧០ប្រភេទ រួមទាំងសត្វជិតផុតពូជផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីម្សិលមិញ គម្រោង USAID ព្រៃឡង់ បៃតង បាននិយាយថា ការវាយតម្លៃត្រូវបានធ្វើឡើងដើម្បីកំណត់ និងពិពណ៌នាអំពីជីវចម្រុះ និងតំបន់ដែលមានតម្លៃអភិរក្សខ្ពស់ (HCVs) ដែលមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃទំហំ ៤២០៩៧ ហិកតា។
តាមរយៈជំនួយឥតសំណងដល់អង្គការអនាគតយើង(OFO) ទីភ្នាក់ងារ USAID ព្រៃឡង់បៃតង បានគាំទ្រការវាយតម្លៃអំពីជីវចម្រុះ និងតំបន់ដែលមានតម្លៃអភិរក្សខ្ពស់នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។
សេចក្តីថ្លែងការណ៍បាននិយាយថា ការសិក្សាបានកត់ត្រាសត្វព្រៃចំនួន៧៣ប្រភេទ ដែលក្នុងនោះប្រភេទថនិកសត្វមាន២២ប្រភេទ បក្សី៤៩ប្រភេទ និងសត្វល្មូនចំនួន ២ ប្រភេទ។ ក្នុងនោះដែរសត្វ១២ប្រភេទ ត្រូវបានចុះបញ្ជីដោយIUCNថា ជិតផុតពូជ ងាយរងគ្រោះ ឬជិតរងការគំរាមកំហែង។
សេចក្តីថ្លែងការណ៍បន្តថា ប្រភេទសត្វជិតផុតពូជដែលត្រូវបានគេកំណត់អត្តសញ្ញាណក្នុងរបាយការណ៍នេះរួមមានទន្សោង សត្វអាញី សត្វស្វា ព្រាម និងសត្វ ក្ងោកជាដើម។ ការវាយតម្លៃជីវចម្រុះ (HCV 1) ត្រូវបានធ្វើឡើងដោយការវិភាគ ទិន្នន័យកាមេរ៉ាស្វ័យប្រវត្តិ ដែលទទួលបាន ក្នុងរយៈពេល ពីឆ្នាំ២០២០-២០២១ ក៏ដូចជា ការបញ្ចូល និងពិនិត្យមើលទិន្នន័យសត្វព្រៃ ដែល មាន ស្រាប់របស់អង្គការ អនាគតរបស់យើង(OFO)។
សត្វក្ងោកមួយក្បាលត្រូវបានកាមេរ៉ាថត បាននៅដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ក្នុង ខេត្តព្រះវិហារ។
ដោយកត់សម្គាល់ថា ការវាយតម្លៃនៃ HCV 2 (ប្រព័ន្ធ អេកូឡូស៊ី កម្រិតតំបន់ ទេសភាព) និងHCV3 (ប្រព័ន្ធអេកូឡូស៊ីកម្រ គម្រាមកំហែង និងជិតផុតពូជ និងទីជម្រក)ត្រូវបានធ្វើឡើងតាមរយៈការពិនិត្យឡើងវិញនូវឯកសារដែលមានស្រាប់។
យោងតាមសេចក្តីថ្លែងការណ៍កត្តាគម្រាមកំហែងចម្បងទៅលើ ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក គឺសក្តានុពលនៃសម្បទានដីសេដ្ឋកិច្ចក្នុងការជីកយករ៉ែការទន្ទ្រានយកដីធ្វើកសិកម្ម និងការបរបាញ់ ហើយជម្លោះមនុស្ស និងសត្វព្រៃ ក៏កំពុងក្លាយជាកង្វល់ផងដែរ។
និន្នាការបច្ចុប្បន្នបង្ហាញថា បើគ្មានគម្រោងរេដបូក(REDD+) ដែលកំពុងត្រូវបានដំណើរការក្នុងតំបន់នេះទេ ក្នុងរយៈពេល៣០ឆ្នាំខាងមុខ តំបន់ការពារធម្មជាតិនេះមានការបាត់បង់ព្រៃឈើ និងមានការរិចរឹល ដោយសារការចូលទៅក្នុងតំបន់នេះតែងាយស្រួល និងការបរបាញ់ច្រើន។
លទ្ធផលស្រាវជ្រាវការវាយតម្លៃនេះ គឺត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់គម្រោងរេដបូក ហើយវានឹងត្រូវបានធ្វើឡើងរៀងរាល់បីឆ្នាំម្តង ដើម្បីតាមដាននិន្នាការសត្វព្រៃ និងជីវចម្រុះ។ គម្រោងរេដបូក នឹងជួយផ្តល់សុវត្ថិភាពសម្រាប់ប្រភេទសត្វសំខាន់ៗទាំងនេះនាពេលអនាគត និងដោះស្រាយបញ្ហាជីវភាពសម្រាប់សហគមន៍ក្នុងនិងជុំវិញតំបន់ការពារធម្មជាតិ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News