ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី៩ ខែកញ្ញានេះបានរាយការណ៍ថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរជូនលោក គីម ជុងអ៊ុន នាឱកាសនៃការប្រារព្ធខួបលើកទី៧៦ នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង។ តាម KCNA ក្នុងសារអបអរសាទរ លោក ពូទីន បាននិយាយថាលោកផ្ទាល់មានការជឿជាក់យ៉ាងមុតមាំថាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងកូរ៉េខាងជើង នឹង ត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំតាមផែនការដែលបានកំណត់និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំង២។ដោយឡែក លោក ស៊ី ជីនពីងវិញបានអំពាវនាវឱ្យពង្រឹងទំនាក់ទំនង យុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងចិន និងកូរ៉េខាងជើង។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ លោក គីម ជុងអ៊ុន បានប្រារព្ធខួបនៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង ដែលត្រូវចំថ្ងៃទី៩ ខែកញ្ញា ជាមួយការធ្វើព្យុហយាត្រាយោធា និងការសន្យាទៅវិញទៅមកជាមួយចិន និងរុស្ស៊ី លើការពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New