រតនគិរី៖ ប្រធានមណ្ឌលសុខភាពកូនមុំ លោក ឈិន ប៉ាវ បានឱ្យដឹងថា នៅទូទាំងស្រុកកូនមុំ មានមណ្ឌលសុខភាពចំនួន៣ គឺមណ្ឌលសុខភាពទីរួមស្រុកកូនមុំ មណ្ឌលសុខភាពឃុំស្រែអង្ក្រង និងមណ្ឌលសុខភាពឃុំតឺន។ សម្រាប់មណ្ឌលសុខភាពទីរួមស្រុកមានបុគ្គលិកចំនួន ១៣នាក់។

ចំពោះសេវាសាធារណៈដែលមណ្ឌលសុខភាពបានផ្ដល់ជូនពលរដ្ឋផ្នែកជំងឺទូទៅ ភាគច្រើនជាជំងឺផ្លូវដង្ហើម សំដៅលើកុមារ និងមនុស្សវ័យចំណាស់ចាប់ពីអាយុ ៦០ឆ្នាំឡើង។ បច្ចុប្បន្នទាក់ទងនឹងជំងឺ គ្រុនចាញ់ គ្រុនឈាម មិនសូវរកឃើញទេ និងស្ទើរតែគ្មានមួយនាក់ផងក្នុងមួយឆ្នាំៗសម្រាប់ជំងឺគ្រុនចាញ់។ សម្រាប់រយៈពេល៣ខែ ចុងឆ្នាំ២០២១ មណ្ឌលសុខភាពទីរួមស្រុកបានទទួលសេវាសម្រាលកូនបានចំនួន១៤៦នាក់។ ចំពោះអ្នកដែលទទួលសេវាសម្រាលកូននៅមណ្ឌលសុខភាពទីរួមស្រុក ភាគច្រើនជាអ្នកមានជីវភាពខ្វះខាត។

ទាក់ទងនឹងការទៅទទួលសេវាកម្មសម្រាលកូននៅមណ្ឌលសុខភាពស្រុកកូនមុំ នៅមណ្ឌលក៏មានអាគាររង់ចាំចំនួន៣បន្ទប់ ដែលមានការឧបត្ថម្ភពី លោក គឹម រស្មី ជូនមណ្ឌលសុខភាព ហើយក៏មានសប្បុរសជននានាបានឧបត្ថម្ភជាថវិកាមួយចំនួនដល់មណ្ឌលសុខភាពសម្រាប់ផ្ដល់ជូនស្ត្រីដែលទៅទទួលសេវាសម្រាលកូនមានជីវភាពខ្វះខាត។ ជាក់ស្ដែងនៅពេលថ្មីៗនេះក៏មានលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាននាំយកជំនួយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនដល់មណ្ឌលសុខភាព ទុកសម្រាប់ជូនដល់ស្ត្រីដែលមកទទួលសេវាមានជីវភាពខ្វះខាតផងដែរ។

លោកប្រធានមណ្ឌល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកូនមុំទាំងមូលឱ្យថែរក្សាសុខភាព ព្រោះរដូវនេះជារដូវរងារ ពិសេសសំដៅទៅលើកុមារតូចៗ និងមនុស្សចាស់។ ក្រៅពីនេះ ត្រូវចូលរួមគោរពវិធានការរបស់សុខាភិបាលឱ្យបានខ្ជាប់ខ្ចួន ៣កុំ និង៣ការពារ ឱ្យបានគ្រប់គ្នា ជៀសវាងការីចរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕






អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: ឯកសារចំណេះដឹងសាធារណៈជន
YOUTUBE | Puthinews
WEBSITE | Puthinews