ខេត្តកំពង់ឆ្នាំង អាគារ និង ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនត្រូវបានកសាងស្ទើ តែរួចរាល់ជាស្ថាពរហើយនៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិល ធ្វើឱ្យតំបន់ទឹកធ្លាក់ធម្មជាតិមួយនេះបានកែប្រែមុខមាត់ថ្មី និងមានលក្ខណៈបច្ចេកទេស ត្រឹមត្រូវតាមស្តង់ដា។ តំបន់ធម្មជាតិដ៏ស្រាប់បំព្រងមួយនេះ ស្ថិតនៅក្នុងភូមិក្តុល ឃុំសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោកម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានមានប្រសាសន៍បញ្ជាក់នៅ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៣នេះថា រាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងកសាងបានប្រមាណ ៩០% នាពេលបច្ចុប្បន្នគឺជាការជួយឧបត្ថម្ភរបស់ក្រសួងបរិស្ថាន ហើយកាលពីថ្ងៃទី៩ ខែកក្កដា កន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញមកពិនិត្យការកសាង សមិទ្ធផលនានា ក្នុងតំបន់ទឹកធ្លាក់ស្រែអំពិលនេះ ។ការរៀបចំកែប្រែ និងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលការអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលជាគោលដៅទេសចរល្អឯកប្រកបដោយការទទួលខុសត្រូវមាននិរន្តរភាព។ដោយការសាងសង់តូបលក់ម្ហូបអាហារ ខ្យុះសម្រាប់អង្គុយលំហែរកំសាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ ចំណតរថយន្ត កន្លែងបោះតង់ កែលម្អនិងរៀបចំសួនច្បារផ្លូវថ្មើជើង ដោយមានជណ្ដើរឡើងចុះ ឲ្យមានសោភ័ណភាពសំដៅទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាកំសាន្តកាន់តែច្រើនឡើងថែមទៀត។

សមិទ្ធិផលទាំងនេះក៏ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ក៏ដូចជាការកាត់បន្ថយការពឹងអាស្រ័យផលនិងអនុផលព្រៃឈើ ការបរបាញ់សត្វព្រៃជាដើម ។

ក្នុង ផេក ផ្លូវការរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនសហគមន៍គឺដើម្បីឲ្យបងប្អូនប្រកបមុខរបរដោយនិរន្តរភាពនិងការទទួលខុសត្រូវ។ នេះគឺជាការកែប្រែជីវភាពជាក់ស្ដែងរបស់ប្រជាសហគមន៍នៅនឹងកន្លែង ។ក្រសួងបរិស្ថានបានគូសបញ្ជាក់ជូនថា ថវិកាក្នុងការកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលគឺបានមកពីការលក់កាបូន ផងដែរ។

សង្ឃឹមថាក្រោយពីការកសាងនិងកែប្រែហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ទឹកធ្លាក់ស្រែអំពិលរួចរាល់ជាស្ថាពរហើយ តំបន់ទឹកធ្លាក់ធម្មជាតិមួយនេះនឹងកែប្រែមុខមាត់ថ្មីស្រស់បំព្រង ប្រកបដោយគុណភាព សោភណ្ឌភាព បរិស្ថានតាមស្តង់ដា និងមានភ្ញៀវទៅទស្សនាកាន់តែច្រើនឡើងជាមិនខាន៕










ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News