29 C
Phnom Penh
Friday, November 22, 2024

រដ្ឋាភិបាលអូស្រ្តាលីគ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa) សម្រាប់ប្រទេសដៃគូ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោកអគ្គរាជទូត Pablo Chiho Kang បានជម្រាបជូន រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាថា រដ្ឋាភិបាលអូស្រ្តាលី គ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa) សម្រាប់ប្រទេសដៃគូ។ លោកទូត បញ្ជាក់ថា ទិដ្ឋាការផ្នែកកសិកម្មនេះ មានលក្ខណៈបើកចំហរដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ាន ត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។

ការលើកឡើងរបស់អគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Pablo Chiho Kang នាពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងជំនួបជាមួយ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីចំណាប់អារម្មណ៍របស់កម្ពុជាលើគម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ 

លោកបណ្ឌិត អ៊ិ សំហេង បានបង្ហាញនូវក្តីរីករាយក្រៃលែង ដែលទទួលបានព័ត៌មាន ដែលថា រដ្ឋាភិបាលអូស្រ្តាលីគ្រោងនឹងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម ដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះ ក៏មានកម្ពុជាផងដែរ។ សម្រាប់គម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលកំពុងត្រូវការពលករទៅបម្រើការងារផ្នែកប្រមូលផលកសិកម្ម ការនេសាទ និងឧស្សាហកម្មធនធានដើមនេះ ឯកឧត្តមរដ្ឋមន្រ្តីរំពឹងថា ពលករកម្ពុជា ពិតជាអាចបម្រើការងារនេះបានយ៉ាងល្អជូនដល់និយោជករបស់អូស្ត្រាលី។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើសុំឱ្យឯកឧត្តមអគ្គរាជទូត ពិចារណារផ្តល់ឱកាស ជូនដល់ពលករកម្ពុជាបានចេញ ទៅធ្វើការនៅប្រទេសអូស្ត្រាលីឱ្យបានចំនួនច្រើន ដូចកម្ពុជាបានបញ្ជូនទៅសាធារណរដ្ឋកូរ៉េដែរ ហើយបើអាចក្រៅពីផែ្នកកសិកម្ម សូមភាគីអូស្ត្រាលីពិចារណាក្នុងការបើកឱកាសជូនដល់ពលករកម្ពុជាទៅធ្វើការផ្នែកសំណង់ សេវាកម្ម និងឧស្សាហកម្មផងដែរ ដើម្បីពួកគាត់ទទួលបាននូវប្រាក់ចំណូលខ្ពស់ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតពីអូស្ត្រាលី។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាការងារ និងចែករំលែកព័ត៌មានពីនីតិវិធី យន្តការ និងប្រព័ន្ធគ្រប់គ្រងពលករ ទាំងក្នុងយន្តការជ្រើសរើស បញ្ជូន និងគ្រប់គ្រង ដែលអាចធានាបាននូវការបង្កជាហានិភ័យ ឬការបោកបញ្ឆោតកេងប្រវ័ញ្ចកម្លាំងពលកម្ម ការជួញដូរមនុស្ស ជាដើម។ ភាគីអូស្រ្តាលី បារម្ភខ្លាចក្រែងមានជនឱកាសនិយមយកព័ត៌មាននេះ ទៅបំភ្លៃការពិត ហើយបោកបញ្ឆោតពលករកម្ពុជា ក្នុងពេលដែលអូស្ត្រាលីមិនទាន់អនុញ្ញាតជាផ្លូវការឱ្យកម្ពុជាបញ្ជូនបាននៅឡើយ។

ស្ថានទូតក៏មានការពេញចិត្តណាស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញសេចក្តីជូនដំណឹងដើម្បីទប់ស្កាត់មិនឱ្យមានការបោកប្រាស់ពលករកម្ពុជា ដែលថា អូស្ត្រាលីបានផ្តល់ទិដ្ឋការការងារទៅធ្វើការខាងផ្នែកកសិកម្ម ដោយភាគីទាំងពីរកំពុងស្ថិតក្នុងដំណាក់ការចរចា ដើម្បីបើកឱកាសការងារនេះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img