29 C
Phnom Penh
Friday, November 22, 2024

រដ្ឋលេខាធិការក្រសួងសាធារណៈបានអំពាវនាវដល់កម្លាំងការពារព្រំដែន សូមបន្តទប់ស្កាត់ការហូរចូលជំងឺកូវីដ-១៩ ពីប្រទេសជិតខាង ខណៈអាជ្ញាធរកម្ពុជា កំពុងទប់ស្កាត់ខាងក្នុងប្រទេសយ៉ាងមមាញឹក

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈនិងដឹកជញ្ជូន បានអំពាវនាវដល់កម្លាំងការពារព្រំដែនគោកក្នុងភូមិសាស្ត្រស្រុកសំឡូត នៃខេត្តបាត់ដំបង សូមបន្តការទប់ស្កាត់ការហូរចូលជំងឺកូវីដ-១៩ ពីប្រទេសជិតខាង ខណៈអាជ្ញាធរកម្ពុជាគ្រប់ជាន់ថ្នាក់កំពុងទប់ស្កាត់ខាងក្នុងប្រទេសយ៉ាងមមាញឹក  ដើម្បីកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ ។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងពេលដែលលោក និងលោក ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងសហការីក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង បានចុះសាកសួរសុខទុក្ខកងកម្លាំងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៣១០ និងលេខ៨២៣  ដែលកំពុងឈរជើងបំពេញភារកិច្ច នៅក្នុងភូមិសាស្រ្តស្រុកសំឡូត  ខេត្តបាត់ដំបង នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលនាថ្ងៃខាងមុខនេះ ។

លោក ខាន់ ម៉ាណេរ  បានសំដែងនូវការកោតសរសើរចំពោះវីរភាព របស់កងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ឃ្លាតឆ្ងាយក្រុមគ្រួសារ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជា កិច្ចការពារបូរណភាពទឹកដី រក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងជួយការងារសង្គម ដូចជាជួយប្រជាពលរដ្ឋក្នុងពេលមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ ។

លោកបានលើកបញ្ជាក់ថា ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើការផ្អាកនូវពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក្នុងហេតុផលធ្វើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ដែលបញ្ហានេះទាំងថ្នាក់ដឹកនាំជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់មិនឱ្យឆ្លងរាលដាលទៅមុខទៀត ។

រដ្ឋលេខាធិការក្រសួងសាធារណៈ និងដឹកជញ្ជូន លោកបានលើកឡើងថាកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ និងលេខ៨២៣ដែល កំពុងឈរជើងបំពេញភារកិច្ច នៅក្នុងភូមិសាស្រ្តស្រុកសំឡូត  ខេត្តបាត់ដំបង  គឺជាកម្លាំងជួរមុខដ៏សំខាន់ លើកិច្ចការពារបូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខសន្តិភាព គ្មានការភ័យខ្លាច នៅក្នុងដំបូលសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ខាន់ ម៉ាណេរ បានណែនាំបន្ថែមដល់កងកម្លាំងទាំងអស់ សូមបន្តការចូលរួមធ្វើការជំរុញដល់ប្រជាពលរដ្ឋនិងមាតា បិតា អាណាព្យាបាលគ្រប់ៗរូប ឱ្យនាំកូនចៅរបស់ខ្លួនមានអាយុ៦ឆ្នាំឡើងទៅ សូមទៅចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា អ្វីដែលសំខាន់សូមចូលរួមអនុវត្តបន្តវិធានការ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបុគ្គល គ្រួសារ សហគមន៍ និងប្រទេសជាតិយើងគ្មានជំងឺកូវីដ-១៩   ជាពិសេសដើម្បីកាត់ផ្តាច់ខ្សែចម្លង នៅក្នុងសហគមន៍ឱ្យបាននាពេលខាងមុខនេះផងដែរ។

ក្នុងនាមក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង លោក និងសហការី បាននាំយកអង្ករ និងគ្រឿងឧបភោគ បរិភោគ រួមជាមួយម៉ាស និងអាល់កុល នំអន្សមប្រពៃណី ព្រមទាំងថវិកាមួយចំនួនទៀត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ទៅជូនដល់កងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ៨២៣ និងវរព្រំដែនលេខ៣១០ ឈរជើងប្រចាំទិសស្រុកសំឡូត ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលនេះផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img