ស្តាប់អត្ថបទជាសំឡេង
ឧត្តរមានជ័យ៖ ជំនន់ទឹកភ្លៀងនៅខេត្តឧត្តរមានជ័យ ជិតឈានដល់កម្រិតប្រកាសអាសន្នឱ្យមានការប្រុងប្រយ័ត្ន នៅត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ ការនេះបណ្តាលមកពីបរិមាណទឹកភ្លៀងធ្លាក់នៅប៉ុន្មានថ្ងៃជាប់ៗគ្នា ធ្វើឱ្យតាមបណ្តាអាងស្តុក រក្សាប្រភពទឹកចំនួន៥ទីតាំង ស្ថិតនៅភូមិសាស្ត្រ ក្រុង ស្រុក ចំនួន៣ មានកម្រិតទឹកឡើងជិតដល់កម្រិត ប្រកាសឱ្យមានការប្រុងប្រយ័ត្ន។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ។
ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ មន្ត្រីជំនាញបានអះអាងថា ទន្ទឹមនឹងអាសស្តុកទឹកជិតដល់កម្រិតប្រកាសអាសន្ននេះ សមត្ថភាពនៃការរំដោះទឹករបស់សំណង់បង្ហៀរ និងសំណង់ទ្វារទឹក បានបង្ហូរទឹកចេញបានយ៉ាងលឿនផងដែរ និងបានធ្វើឱ្យតំបន់អាងទឹកខ្លះ បានស្រកចុះវិញហើយ។ កម្រិតអាងស្តុក រក្សាប្រភពទឹកទាំង៥ទីតាំង និងកម្ពស់ទឹកប្រកាសឱ្យមានការប្រុងប្រយ័ត្នគឺ៖
១- អាងទឹក០៥(សូន្យប្រាំ) ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ដែលមានកម្ពស់ទឹក ១,៦៥ម៉ែត្រ ហើយកម្ពស់ឱ្យមានការប្រុងប្រយ័ត្ន២,០០ម៉ែត្រ
២- អាងទឹកតាម៉ុក ស្ថិតក្នុងឃុំ/ស្រុកអន្លង់វែង ទឹកមានកម្ពស់៣,៨៤ ម៉ែត្រ ហើយកម្ពស់ឱ្យមានការប្រុងប្រយ័ត្ន៣,៨០ម៉ែត្រ
៣- អាងទឹកថ្មី ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ទឹកមានកម្ពស់៣,៤៩ម៉ែត្រ ហើយកម្ពស់ឱ្យមានការប្រុងប្រយ័ត្ន៣,៥០ម៉ែត្រ
៤- អាងទឹកស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ទឹកមានកម្ពស់៣៩,៨០ម៉ែត្រ ហើយកម្ពស់ឱ្យមានការប្រុងប្រយ័ត្ន៣៩,៩០ម៉ែត្រ
៥- អាងទឹកស្រែង១ ស្ថិតនៅឃុំ ស្រុកចុងកាល់ ទឹកមានកម្ពស់២៦,៥៥ម៉ែត្រ ហើយកម្ពស់ទឹកឱ្យមានការប្រុងប្រយ័ត្ន២៧,០០ម៉ែត្រ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews