29 C
Phnom Penh
Friday, November 22, 2024

ភ្លៀងធ្លាក់ខ្លាំង ផ្តាច់ជីវិតមនុស្សយ៉ាងហោច ៣៥នាក់ នៅប្រទេសប្រេស៉ីល

មនុស្សយ៉ាងហោចណាស់ចំនួន ៣៥នាក់ បានបាត់បង់ជីវិត ដោយសារការតែធ្លាក់ភ្លៀងខ្លាំងជោគជាំ នៅភាគឦសាននៃប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈចាប់តាំងពីចុងឆ្នាំមុនមក ប្រេស៊ីលបានរងគ្រោះទឹកជំនន់ធំៗ ជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។

អាជ្ញាធរប្រេស៉ីលបានឱ្យដឹងថា នៅរដ្ឋ ផឺណាមប៊ូកូ (Pernambuco) ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ មនុស្សយ៉ាងហោច ៣៣នាក់ បានស្លាប់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ស្របពេលដែលភ្លៀងធ្លាក់ បានបង្កជាគ្រោះរអិលបាក់ដី ហើយវាយប្រហារលើសហគមន៍ ដែលរស់នៅតាមជម្រាលភ្នំ។ មនុស្សចំនួន៧៦៥នាក់ ក៏ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋាន ជាបណ្តោះអាសន្នផងដែរ។ រីឯនៅរដ្ឋក្បែរខាងគឺ អាឡាហ្គោអាស (Alagoas) មានមនុស្ស២នាក់ បានស្លាប់។

កាលពីចន្លោះចុងខែធ្នូឆ្នាំមុន ដល់ដើមខែមករា ឆ្នាំនេះ មនុស្សរាប់សិបនាក់ បានបាត់បង់ជីវិត និងរាប់ម៉ឺននាក់ ត្រូវព្រាត់ប្រាសពីផ្ទះសម្បែង នៅពេលភ្លៀងបានធ្លាក់យ៉ាងជោគជាំ ក្នុងរដ្ឋ បាហ៉ីយ៉ា (Bahia) ដែលស្ថិតនៅភាគឦសានប្រទេសដូចគ្នា។ ក្រោយមក នៅចុងខែមករា មនុស្សយ៉ាងហោច១៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋ សៅប៉ូឡូ (Sao Paulo) ភាគអាគ្នេយ៍ ខណៈនៅខែកុម្ភៈ ភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ភ្នំនៃរដ្ឋ រីយ៉ូ (Rio de Janeiro) បានផ្តាច់ជីវិតមនុស្សរហូតដល់ជាង ២៣០នាក់។

គួរបញ្ជាក់ថា ភាគច្រើននៃឆ្នាំ២០២១ គឺប្រេស៉ីលបានជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ប៉ុន្តែមកដល់អំលុងចុងឆ្នាំ ការធ្លាក់ភ្លៀងខ្លាំងក្លាខុសពីធម្មតា ក៏បានចាប់ផ្តើម៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img