ស្តាប់អត្ថបទជាសំឡេង
កំពត៖ ក្រោយពេលប្រជាពលរដ្ឋ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងស្ថានភាពនៃការឆ្លងជំងឺបានធ្លាក់ចុះច្រើន ពោលគឺ នៅសល់ចំនួនតិចតួចប៉ុណ្ណោះសម្រាប់ខេត្តកំពត ហើយភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត បានសង្កេតឃើញថា ចាប់ផ្តើមមានសកម្មភាពទៅលេងកម្សាន្តកើនឡើងបន្តិចម្តងៗឡើងវិញ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត បានបង្ហាញថា រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំនួនភ្ញៀវទេសចរ មានកំណើនបន្តិចម្តងៗ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ជាក់ស្តែងនៅក្នុងសប្តាហ៍កន្លងទៅនេះ ខេត្តកំពត មានភ្ញៀវទេសចទៅសម្រាកកម្សាន្ត ប្រមាណ២៥០ ០០០នាក់ កើនឡើងប្រមាណ៧ភាគរយ ធៀបនឹងសប្តាហ៍មុន ក្នុងនោះទេសចរអន្តរជាតិផ្ទៃក្នុងចំនួន១៥៩នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា ក្រោយពេលស្ថានភាពនៃការឆ្លងរីករាលដាល់ជំងឺកូវីដ-១៩ នៅក្នុងខេត្តមានការថយចុះច្រើន ដោយសារប្រជាពលរដ្ឋស្ទើរទាំងអស់ បានទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឱ្យភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត បានចាប់ផ្តើមហ៊ាននាំក្រុមគ្រួសារទៅសម្រាកលម្អែកាយនៅតាមរមណីយដ្ឋាននានា។
លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា ក្រុមការងាររបស់មន្ទីរទេសចរណ៍ខេត្ត បានបន្តចុះត្រួតពិនិត្យតាមគោលដៅ និងកន្លែងផ្តល់សេវាកម្មទេសចរណ៍នានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (SOP) ឱ្យបានល្អប្រសើរ ពិសេសវិធានការ ៣ការពារ ៣កុំ និងការណែនាំការពាក់ប័ណ្ណចាក់វ៉ាក់សាំង និងបិទផ្សាយសារអប់រំ អំពីជំងឺកូវីដ-១៩។ យោងតាមការសួរនាំ និងការសង្កេតឃើញជាក់ស្តែង ភ្ញៀវទេសចរបានចាក់វ៉ាក់សាំងគ្រប់គ្នា ទាំងដូសជំរុញទី២ និងទី៣។ ភ្ញៀវទេសចរភាគច្រើនបានពាក់ម៉ាស មានអាល់កុល ជែល ឬទឹកថ្នាំសម្លាប់មេរោគប្រើប្រាស់ផ្ទាល់ខ្លួន និងរក្សាគម្លាត។ ចំណែកការទទួលទានអាហារ ធ្វើឡើងជាលក្ខណៈគ្រួសារដាច់ៗពីគ្នា៕
អត្ថបទ និងរូបភាពដោយ៖ Puthinews