28 C
Phnom Penh
Thursday, November 21, 2024

ព្រឹកស្អែកពានបាល់ទាត់ពិភពលោក ដង្ហែមកដល់កម្ពុជាហើយ, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលពាននេះដោយផ្ទាល់

(ភ្នំពេញ)៖ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) នឹងមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលពានបាល់ទាត់ពិភពលោកនេះដោយផ្ទាល់នៅវិមានសន្តិភាព។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម នឹងដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ទៀតថា ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃស្អែកនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។

បើតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន-យុវនារី អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ចូលរួមអបអរសាទរឱ្យបានច្រើនកុះករ និងមោទនភាពជាតិ ដោយក្តីស្មោះសរចំពោះព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា មានហេតុផលច្រើន ដែលនាំឱ្យសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) សម្រេចចិត្តយកប្រទេសកម្ពុជា ជាប្រទេសមួយសម្រាប់ដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ក្នុងចំណោមប្រទេស៥១។

តែអ្វីដែលសំខាន់នាំឱ្យមានការដង្ហែពាននេះមកកម្ពុជា ដោយសារតែសហព័ន្ធបាល់ទាត់ពិភពលោក ពិនិត្យឃើញពីសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អរបស់កម្ពុជា។ ដ្បិតអីពាននេះធ្លាប់មានករណីលួច និងបាត់បង់ចំនួន ២លើកមកហើយ។ លើកទី១កាលពីឆ្នាំ១៩៦៦ នៅអង់គ្លេស និងលើកទី២ឆ្នាំ១៩៨៣ នៅប្រេស៊ីល។ ប៉ុន្ដែសម្រាប់កម្ពុជា មានសន្ដិភាព សុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អ ទើបសហព័ន្ធបាល់ទាត់ពិភពលោក សម្រេចដង្ហែពាននេះមកកាន់កម្ពុជាជាប្រវត្តិសាស្ត្រ។

ក្រៅតែពីបញ្ហាសន្តិសុខ និងសុវត្ថិភាពហើយនោះ ការដង្ហែពាននេះមកកាន់កម្ពុជានាពេលនេះ ក៏ជាលើកទឹកចិត្តកម្ពុជា ដែលជាប្រទេសសមាជិក FIFA ដើម្បីជំរុញវិស័យកីឡាបាល់ទាត់ ដែលជាកីឡាត្រូវបានចាត់ទុកជាការរួម ចំណែកអភិវឌ្ឍន៍យុវជន និងសង្គម។ លើសពីនេះទៀត ការដង្ហែពាននេះ គឺជាការលើកទឹកចិត្ត និងជាការផ្ដល់នូវកម្លាំងចិត្តឲ្យកម្ពុជា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ មានន័យថា ជាការអបអរសាទរ និងជំរុញឱ្យស៊ីហ្គេមនៅកម្ពុជា មានការផ្សព្វផ្សាយ និងទទួលបានការគាំទ្រជាសកលថែមទៀត។

លោក វ៉ាត់ ចំរើន បានលើកឡើងដែរថា ការណាការដង្ហែពានបាល់ទាត់ពិភពលោកមកកាន់កម្ពុជាប្រកបដោយសុវត្ថិភាព និងមានសន្ដិសុខសណ្ដាប់ធ្នាប់ល្អ វានឹងជួយឱ្យកម្ពុជាមានកេរ្ដិ៍ឈ្មោះល្អ ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ហើយឈានទៅទទួលភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់នៅឆ្នាំ២០២៣ ប្រកបដោយភាពកក់ក្ដៅ និងគ្មានក្ដីបារម្ភ៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img