26 C
Phnom Penh
Friday, September 20, 2024

សម្តេចតេជោ ហ៊ុន សែន៖ បើមិនមានផលប៉ះពាល់ធំហួសពីជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន នៅឆ្នាំ២០២៣ រដ្ឋាភិបាលមានលទ្ធភាពដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា តាមការព្យាករណ៍សេដ្ឋកិច្ច បើមិនមានផលប៉ះពាល់ធំហួសបណ្តាលមកពីជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនទេនោះ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលមានលទ្ធភាពដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ការឱ្យដឹងបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអភ័យទោសពីសំណាក់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ដែលរយៈពេលពីរឆ្នាំកន្លងមកនេះ មិនបានដំឡើងប្រាក់បៀវត្សរ៍ដោយសារតែវិបត្តិកូវីដ-១៩។ ចំពោះករណីនេះសម្តេចក៏បានណែនាំឱ្យធ្វើកិច្ចបន្ទាន់មួយ គឺរកវិធីដំឡើងបៀវត្សរ៍សម្រាប់អតីតយុទ្ធជន ព្រមទាំងមន្ត្រីរាជការដែលបានចូលនិវត្តន៍ ដែលមានប្រាក់ខែទាប ខណៈពេលនេះក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ កំពុងរកវិធីដំឡើងប្រាក់បៀវត្សរ៍សម្រាប់មន្រ្តីចូលនិវត្តន៍ ឱ្យបានយ៉ាងតិច ២០០ដុល្លារ ក្នុងមួយខែ នេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដោះស្រាយបញ្ហាសម្រាប់មន្ត្រីរាជការដែលបានចូលនិវត្តន៍។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «
“ឯតាមការព្យាករណ៍សេដ្ឋកិច្ច បើសិនជាផលប៉ះពាល់វាមិនធំហួសបណ្តាលមកពីជំងឺកូវីដ-១៩ និងបណ្តាលមកពីសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន លទ្ធភាពដំឡើងបៀវត្សរ៍ សម្រាប់ឆ្នាំ២០២៣ គឺមានគ្រាន់តែទំហំប៉ុណ្ណា គឺយើងចាំគិតគ្នាក្រោយ ព្រោះម្សិលមិញខ្ញុំបាននិយាយ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់ចំណូលពន្ធដារគិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្រេចបាន ៥៣ភាគរយរួចស្រេចទៅហើយ ខណៈឆ្នាំ២០២១ ចំណូលពន្ធដា រ បានសម្រេចលើសផែនការរហូតដល់១២៤ភាគរយ។ សម្រាប់ឆ្នាំ២០២២នេះ ល្បឿននៃការប្រមូលបានវានឹងអាចផ្តល់ឱ្យកាសឱ្យយើងបន្ធូរបន្ថយនូវការតានតឹង និងបង្កើននូវជំនួយឧបត្ថម្ភនានាជាដើម។

បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងមួយខែ ប្រហែល ៤០លានដុល្លារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ ដែលមានតួលេខប្រជាជនជិត ៣លាននាក់ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគាត់ធ្លាក់ក្នុងបន្ទាត់ភាពក្រីក្រ នៅក្នុងតំណាក់កាលរាតត្បាតជំងឺកូវីដ១៩ ខណៈ១ឆ្នាំរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណ៤៨០លានដុល្លារ ដែលការចាំបាច់សម្រាប់ចំណាយ ហើយសម្រាប់ចំណាយទាំងនេះ គឺមិនបូកបញ្ចូលទាំងការព្យាបាលជំងឺ និងចំណាយផ្សេងៗនោះទេ គឺគិតលើការចិញ្ចឹមប្រជាពលរដ្ឋ។ សម្តេចបានចាត់ទុកថានេះជាសំណាញ់សុវត្ថិភាពសង្គម នៅក្នុងដំណាក់កាលលំបាក ជាពិសេសក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ នេះតែម្តង៕

ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img