លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ប្រតិបត្តិការប្រាក់រៀលតាមប្រព័ន្ធបាគងមាន ៧៥.៥លានដង ស្មើ៦៤.៩ទ្រីលានរៀល។ ការ បញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីបណ្ឌិត ជា សិរី អញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផល ការងារ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុកបច្ចេកវិទ្យាជា អាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំងប្រាំ ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍប្រព័ន្ធទូទាត់ ដើម្បីធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស មិនថាការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុកនិងការទូទាត់ឆ្លងដែននោះទេ សំដៅគាំទ្រការអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គមឌីជីថល។ លោកស្រីបន្ថែមថា ក្នុង ចំណោមប្រព័ន្ឋទូទាត់ទាំងអស់ប្រព័ន្ធបាគង បាននិងកំពុងបំពេញមុខងារ កាន់តែសំបូរបែបជូន ដល់អ្នកប្រើប្រាស់ប្រព័ន្ធនេះឱ្យកើនឡើងជាបន្តបន្ទាប់ ដែលបានជំរុញការប្រើ និងរួមចំណែកដល់ការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ នឹងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។ លោកស្រីបានបញញជាក់ថា «ប្រតិបត្តិការជាប្រាក់រៀលតាមប្រព័ន្ធបាគង មានចំនួនសរុប ៧៥.៥ លានប្រតិបត្តិការដែលកើន១.៨ដង ឬគិតជាទឹកប្រាក់ស្មើនឹង៦៤.៩ទ្រីលានរៀលដែលកើន១.៤ដង និងប្រតិបត្តិការជាប្រាក់ដុល្លារអាមេរិក៩៩.៨លានប្រតិបត្តិការ ឬស្មើនឹងទឹកប្រាក់ ៣៨.៨ប៊ីលានដុល្លារអាមេរិក ដែលមានកំណើន១.៣ដង»។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New