កំពង់ស្ពឺ៖ កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ស្ពឺ បានប្រគល់ផ្ទះបីខ្នងដល់ប្រជាពលរដ្ឋទីទ័លក្រ គ្មានទីជម្រកចំនួនបីគ្រួសារ រស់នៅក្នុងភូមិសាលា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន លោក វ៉ី សំណាង ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ។
លោកបានលើកឡើងថា ផ្ទះមានសារៈសំខាន់បំផុត ចំពោះមនុស្សគ្រប់រូបសម្រាប់ជ្រក ហើយផ្ទះនេះទៀតសោត ក៏បានលើកកម្ពស់ការរស់នៅ និងសេចក្តីថ្លៃថ្នូរ ឱ្យមានភាពស្មើមុខស្មើមាត់ជាមួយដទៃទៀត ក្នុងមូលដ្ឋានផងដែរ។ ថ្វីត្បិតទីជម្រកដែលទទួលបាននេះមិនធំស្គឹមស្កៃ និងឡូយឆាយដូចផ្ទះឯទៀតក៏ពិតមែន តែបានផ្តល់នូវជម្រកដ៏សមរម្យមួយឱ្យបានជ្រកកោន និងស្នាក់អាស្រ័យ។ ដូច្នេះត្រូវជួយថែរក្សាចំពោះសមិទ្ធិផលនេះ។
ទាំងនេះបានបង្ហាញពីការគិតគូយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។ កាកបាទក្រហមកម្ពុជាតែងតែខ្វល់ខ្វាយ និងនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋដែលរងគ្រោះ ងាយរងគ្រោះ ទីទ័លខ្វះខាត និងជួបប្រទះនូវគ្រោះថ្នាក់ផ្សេងៗ។ មិនតែប៉ុណ្ណោះកាកបាទក្រហមកម្ពុជា ក៏មិនទុកឱ្យជនរងគ្រោះណាម្នាក់ស្លាប់ដោយអត់បាយនោះដែរ។
សូមបញ្ជាក់ថា ក្រៅពីប្រគល់ផ្ទះបីខ្នងដល់ប្រជាពលរដ្ឋទីទ័លក្រខាងលើ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ក៏បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៧គ្រួសារ រស់នៅក្នុងភូមិសាលា ឃុំទំព័រមាស ស្រុកសំរោងទងផងដែរ មាន អង្ករ មី ត្រីខកំប៉ុង ប្រេងឆា ទឹកត្រី ទឹកស៊ីអ៉ីវ ភួយ សារុង ក្រម៉ា មុង សម្ភារផ្ទះបាយ និងថវិកាមួយចំនួន៕
អត្ថបទ និងរូបភាពដោយ៖ Puthinews