29 C
Phnom Penh
Friday, November 22, 2024

បុរសម្នាក់ដែលគេហៅថា “បុរសសំរាម” បានកែច្នៃសំរាមទៅជាជីធម្មជាតិវិញបាន១៥តោនក្នុងមួយថ្ងៃៗ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ មានក្រុមហ៊ុនមួយបានធ្វើការប្រមូល និងកែច្នៃកាកសំណល់នៅតាមផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញទៅធ្វើជាជីធម្មជាតិវិញ ដោយក្នុងមួយថ្ងៃៗ ក្រុមហ៊ុននេះអាចប្រមូលសំរាមបានប្រហែល​៣០តោន និងយកទៅកែច្នៃជាជីធម្មជាតិវិញបានចំនួន១៥តោន ឯណោះ ក្នុងមួយថ្ងៃៗ។ 

លោក គីម នីដូ ជាស្ថាបនិកក្រុមហ៊ុន TWIN Agri tech co.Ltd បានឱ្យដឹងថា ក្រុមហ៊ុនរបស់គាត់បានបើកដំណើរការតាំងពីឆ្នាំ២០១៣ មកម៉្លេះ។ ដំបូងឡើយមានតែមនុស្សចំនួន០២នាក់ ប៉ុណ្ណោះ គឺរូបគាត់ និងមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតជាជនជាតិសឹង្ហបុរី ហើយបានដើរប្រមូលសំរាមតាមផ្សារយកទៅកែច្នៃធ្វើជាជីធម្មជាតិវិញ។ នៅពេលដែលគាត់ទៅយកសំរាម និងកាកសំណល់ ក្រុមអាជីវករមិនបានពេញចិត្តនឹងសកម្មភាពរបស់ពួកគាត់ទេ ដោយបានលើកឡើងថា ជាការរំខានដល់ការរកស៊ី និងពេលខ្លះសន្តិសុខផ្សារក៏មិនពេញចិត្តជាមួយគាត់ថែមទៀត ដោយក្រុមសន្តិសុខថា ពួកគាត់បានធ្វើឱ្យរមានភាពរញ៉េរញៃផ្សាររបស់គេ។ ទោះជាយ៉ាងនេះ ក៏ដោយពួកគាត់ទាំង០២នាក់ នៅតែព្យាយាមទៅប្រមូលសំរាម និងកាកសំណល់ និងពន្យល់ពួកគាត់ថា គាត់យកសំរាមនេះទៅដើម្បីបរិស្ថាន និងយកទៅកែច្នៃធ្វើជាជីឱ្យកសិករមានជីដែលមានគុណភាពល្អ និងធម្មជាតិ រួមនឹងតម្លៃសមរម្យ។

លោក គីម នីដូ បានបន្តថា ដំបូងឡើយគាត់បានកែច្នៃកាកសំណល់នេះ ជាជីអាចម៌ជន្លេន ដោយ​យក​កាកសំណល់ទាំងអស់ មកចិញ្ចឹមជន្លេន បន្ទាប់មកទៀតគាត់បានច្នៃជាជីកំប៉ុស និងបច្ចុប្បន្ន គាត់ក៏បានកែច្នៃជាជីដីសម្រាប់ដាំផងដែរ។ ជីដែលគាត់បានកែច្នៃរួចគាត់បានយកទៅផ្តល់ជូនដល់ម្ចាស់ចម្ការទាំងអស់ ពេលនោះពួកគាត់មិនសូវសប្បាយចិត្តនោះទេ ដោយសារពួកគាត់មិនសូវស្គាល់បុរសទាំងពីរនាក់នេះ។ ទោះយ៉ាងណាក៏ដោយ ផលិតផលថ្មីរបស់ពួកគាត់គេមិនសូវហ៊ានប្រើប្រាស់នោះទេ ប៉ុន្តែពួកគាត់នៅតែព្យាយាមពន្យល់ពួកគាត់ឱ្យប្រើជីធម្មជាតិឱ្យបានច្រើន កាត់បន្ថយការប្រើប្រាស់ជីគីមី និង​បានចូលរួមចំណែកដល់បរិស្ថានរបស់ប្រទេសជាតិផងដែរ។

លោក គីម នីដូ បានបញ្ជាក់ថា ការងារប្រមូលកាកសំណល់ វាជាការលំបាក ហើយកត្តាដែលធ្វើឱ្យគាត់មិនព្រមចុះចាញ់នឹងការងារនេះ ដោយសារតែការមាក់ងាយលើពួកគាត់ទាំង២នាក់តែម្តង ដោយគេហៅគាត់ថា “អាសំរាម” ដែលពួកគាត់ប្រមូលសំរាមគេមិនសូវឱ្យតម្លៃ កត្តាទាំងអស់នេះហើយធ្វើឱ្យគាត់កាន់តែតស៊ូបន្ថែមទៀត។ ជាដំបូងនៃការចេញប្រមូលកាកសំណល់ បានចាប់ពី២០០-៣០០គីឡូក្រាម ឱ្យបានជីពី៥០ទៅ៦០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃៗ។ ប៉ុន្តែបច្ចុប្បន្ន ក្នុងមួយថ្ងៃគាត់អាចប្រមូលសំរាមពី ២៥តោនទៅ៣០តោន ហើយផលិតចេញជាជីធម្មជាតិវិញក្នុងមួយថ្ងៃបានរហូតដល់១៥តោន។ សម្រាប់​ជីកំប៉ុស និងជីអាចម៌ជន្លេន ប្រើប្រាស់សម្រាប់ចំការធំៗ និងជីកំប៉ុសគេប្រើសម្រាប់ទ្រាប់បាត ចំណែកជីអាចម៌ជន្លេន ត្រូវយកទៅប្រើបន្ថែមទៅលើដំណាំដែលបានដាំហើយ។ សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ដែលមានដីតូច និងត្រូវការដាំដុះតាមធុងស្នោរ ឬក៏ផើង ទើបលោកបានច្នៃបានជាជីដីដាំបានមួយមុខទៀត។

ចំពោះតម្លៃផលិតផលជីដែលកែច្នៃរួច មានជីអាចម៌ជន្លេនក្នុងមួយតោនតម្លៃ១៥៥ដុល្លារ និងជីកំប៉ុសក្នុងមួយតោនតម្លៃ១២៥ដុល្លារ ចំណែកជីដីដាំក្នុងមួយតោន តម្លៃ១៣៥ដុល្លារ។ ចំពោះការដាក់តម្លៃនេះ បុរសរូបនេះអះអាងថា មានភាពសមរម្យសម្រាប់ប្រជាជន ដើម្បីឱ្យពួកគាត់ព្យាយាមប្រើប្រាស់ជីធម្មជាតិឱ្យបានកាន់តែច្រើនឡើង។ ពីមុនការចុះប្រមូលកាកសំណល់នៅតាមទីផ្សារមានការលំបាក តែឥឡូវមានការងាយស្រួលខ្លាំង ដោយសារអាជីវករយល់ដឹងបានច្រើន ព្រមទាំងអាជ្ញាធរផ្សារក៏បានសហការជាមួយពួកគាត់ដោយពន្យល់អាជីវករឱ្យញែកសំរាមថែមទៀត រវាងកាកសំណល់សរីរាង្គ និងកាកសំណល់ផ្លាស្ទិក។ ដូចនេះពួកគាត់កាត់តែងាយស្រួលក្នុងការប្រមូល រួចពួកគាត់បានដាក់កាកសំណល់មួយកន្លែងដើម្បីឱ្យពួកគាត់ទៅប្រមូល។ ក្រៅពីនេះលោកនីដូ ក៏បានចុះទៅតាមបណ្តាខេត្តជារៀងរាល់ថ្ងៃដើម្បីទៅពន្យល់ ក៏ដូចជាណែនាំឱ្យប្រជាកសិករប្រើប្រាស់ជីធម្មជាតិ ក៏ដូចជាលើកស្ទួយនូវផលិតផល និងកសិផលរបស់ខ្មែរផងដែរ។

ដូច្នេះម្ចាស់កសិដ្ឋានទាំងអស់ត្រូវជួយលើកស្ទួយផលិតផលរបស់ខ្មែរ ហើយការលើកស្ទួយផលិតផលរបស់ខ្មែរនេះ ជាការរួមចំណែកដល់សេដ្ឋកិច្ចជាតិ និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសកាត់បន្ថយការចំណាកស្រុក។ ក្រៅពីនេះ ពួកគាត់សន្យាបង្កើតការងារឱ្យបានច្រើនសម្រាប់ប្រជាជនខ្មែរ និងជួយគិតគូរឿងបរិស្ថានឱ្យបានគ្រប់ៗគ្នា។ នេះជាការសំណូមពររបស់ លោក គីម នីដូ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img