កម្លាំងនគរបាលស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ បានចាប់ខ្លួន និងបញ្ជូនបុរសម្នាក់ដែលបានកាប់សម្លាប់ស្ត្រីម្នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី គឹម ស៊ីដេត នាយប៉ុស្តិ៍នគរបាលឃុំបឹងប្រាំបានឱ្យដឹងថា បុរសជាជនសង្ស័យ មានឈ្មោះ សឿន សុខណា អាយុ៣១ឆ្នាំ ជាកសិករ និងជាអតីតពលករធ្វើការនៅប្រទេសថៃ បច្ចុប្បន្នរស់នៅភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល។

លោកវរសេនីយ៍ត្រី គឹម ស៊ីដេត បាននិយាយថា ស្ត្រីរងគ្រោះមានឈ្មោះ ឡាច គី ភេទ អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជនសង្ស័យ ជាអតីតពលករចំណាកស្រុកនៅប្រទេសថៃ ហើយបានត្រឡប់មកផ្ទះវិញក្នុងឆ្នាំ ២០១៩ ហើយក៏ជាមនុស្សញៀនថ្នាំផងដែរ។

លោកបន្ថែមថា ប្រហែលមួយខែមុនឃាតកម្ម ជនរងគ្រោះ និងក្រុមគ្រួសារ បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមថា ជនសង្ស័យបានរួមភេទជាមួយម្តាយជាស្ត្រីមេម៉ាយរបស់ខ្លួន ពេលបែកថ្នាំ ដែលធ្វើឱ្យជនសង្ស័យខឹងសម្បារជាខ្លាំង។

នៅវេលាម៉ោងប្រហែល៧ និង ៤០នាទីព្រឹកថ្ងៃអាទិត្យ ជនសង្ស័យបានយកកាំបិតខ្វែវចូលផ្ទះជនរងគ្រោះ ខណៈកំពុងធ្វើម្ហូបនៅក្រោយផ្ទះតែម្នាក់ឯង។ ពេលនោះ ប្តី និងកូនរបស់ជនរងគ្រោះ បានចេញទៅធ្វើស្រែចម្ការនៅភូមិកើតហេតុខាងលើ បាត់ទៅហើយ។

ក្រោយមក ជនសង្ស័យបានកាប់ស្ត្រីរងគ្រោះ ចំនួន៣កាំបិត ចំត្រង់កផ្នែកខាងក្រោយ មួយកាំបិតត្រង់ស្មាខាងឆ្វេង និងមួយកាំបិតម្រាមដៃខាងស្តាំ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
នៅម៉ោងប្រហែល១០ព្រឹកថ្ងៃដដែល ប្តីជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ឃើញសពប្រពន្ធនៅក្បែរផ្ទះ ក៏ទៅប្រាប់នគរបាលឃុំ។ ក្រោយមក ជនសង្ស័យ ត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១១ព្រឹក។

ក្រឡាបញ្ជីសាលាដំបូងខេត្តបាត់ដំបង លោក អេង គឹមសេង បានបញ្ជាក់កាលពីម្សិលមិញថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ«ឃាតកម្មគិតទុកជាមុន» និង ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានកាត់ទោស។
ដោយឡែក ជនសង្ស័យកំពុងត្រូវបានសាកសួរនៅសាលាដំបូងខេត្តនៅឡើយ៕
ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News