…(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បាននិយាយម្ដងហើយម្ដងទៀតថាអ៊ុយក្រែននឹងទទួលបានជ័យជម្នះលើសមរភូមិ ប៉ុន្តែមានតែ កិច្ចចរចាប៉ុណ្ណោះដែលអាចបិទបញ្ចប់សង្រ្គាមបាន។ ប៉ុន្តែ សំណួរដ៏សំខាន់ នោះគឺនៅត្រង់ថាតើថាសង្រ្គាមនឹងបញ្ចប់នៅពេលណា ហើយនៅក្រោមលក្ខខណ្ឌអ្វី? ខណៈលោកខាងលិចថាអ៊ុយក្រែនគឺជាអ្នកសម្រេចចិត្តពីអនាគតរបស់ខ្លួនឯង នៅចំពោះមុខការប្រកាន់ជំហរខុសៗគ្នា ថាតើសង្រ្គាមគួរតែបញ្ចប់ ទៅដោយរបៀបណា?
បើតាមលោក អ៉ីវ៉ាន់ ក្រាស្ទេវ (Ivan Krastev) ជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយម្នាក់មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រសេរី Centre for Liberal Strategies មានមូលដ្ឋានក្នុងទីក្រុងសូហ្វ៊ីយ៉ា ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន លោកខាងលិចត្រូវបានចែកជា ២ក្រុម គឺ “ក្រុមអ្នកគំាទ្រសន្តិភាព” ដែលចង់ឱ្យបញ្ឈប់ ការវាយប្រយុទ្ធគ្នា និងចាប់ផ្ដើមកិច្ចចរចាឱ្យបានលឿនបំផុតតាមលទ្ធភាពអាចធ្វើទៅបាន និង “ក្រុមគំាទ្រយុត្តិធម៌” ដែលគិតថាគេមិនគួរឱ្យរុស្ស៉ីរួចខ្លួនដោយងាយៗ នោះទេ តែត្រូវឱ្យមូស្គូតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសមចំពោះទង្វើឈ្លានពានរបស់ខ្លួន។
លក្ខខណ្ឌបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយពេលច្រើនជាង៣ខែមកនេះ ត្រូវបានគេផ្តោតជាចម្បងលើបញ្ហា “ទឹកដី” ថាតើគេគួរតែឱ្យរុស្ស៉ីកាន់កាប់ ទឹកដីដែលទាហានរបស់ពួកគេវាយយកបាននៅក្នុងសង្រ្គាម នាពេលសព្វថ្ងៃ? ឬក៏បណ្ដេញទាហានរុស្ស៉ីឱ្យចេញពីទឹកដីអ៊ុយក្រែន? ហើយបញ្ហាទឹកដីនេះឯងត្រូវ បានគេរំពឹងថាកំពុងក្លាយជាហេតុផលមួយនៃការអូសបន្លាយសង្រ្គាម។
នៅក្នុងចំណោម “ក្រុមប្រទេសគាំទ្រសន្តិភាព” អាលឺ្លម៉ង់បានអំពាវនាវឱ្យមានបទឈប់បាញ់ អ៉ីតាលីកំពុងផ្សព្វផ្សាយផែនការស្វែងរកដំណោះស្រាយនយោបាយ រីឯបារាំងបានលើកឡើងពី “កិច្ចព្រមព្រៀងសន្តិភាពមួយ” ដែលមិនធ្វើឱ្យរុស្ស៉ីអាម៉ាស់មុខ។ ដោយឡែក ប៉ូឡូញ និងបណ្ដាប្រទេសក្នុងតំបន់បាល់ទិកដែលស្ថិតនៅ ក្នុង “ក្រុមប្រទេសគាំទ្រយុត្តិធម៌” គាំទ្រដោយចក្រភពអង់គ្លេស មិនគាំទ្រគោលជំហរទន់ភ្លន់ចំពោះរុស្ស៉ីបែបនេះទេ។ ចុះសហរដ្ឋអាមេរិក តើមានជំហរបែបណាដែរ? សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកធំបំផុតរបស់អ៊ុយក្រែន មិនទាន់បានបង្ហាញពីវត្ថុបំណងជាក់លាក់របស់ខ្លួនទេ ក្រៅតែពីកំពុងផ្ដល់ជំនួយយោធាដ៏ច្រើន សន្ធឹកសន្ធាប់ដល់ទីក្រុងកៀវ។
សហរដ្ឋអាមេរិក បានចាយលុយអស់ជិត ១៤ពាន់លានដុល្លារដើម្បីជួយអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកទល់នឹងបច្ចុប្បន្ន ហើយកាលពីពេលថ្មីៗនេះ សភាអាមេរិកទាំង២ ថែមទាំងបានអនុម័តកញ្ចប់ថវិកាមហិមា ៤០ពាន់លានដុល្លារ ព្រមទាំងកំពុងប្រមូលជំនួយយោធាមកពីប្រទេសជាសម្ព័ន្ធមិត្តច្រើនជាង ៤០ប្រទេសសម្រាប់អ៊ុយក្រែនផងដែរ។ ប៉ុន្តែ ជំនួយទាំងនេះនៅតែមានព្រំដែនកំណត់នៅឡើយ ដោយអាមេរិក និងសម្ព័ន្ធមិត្តបានបញ្ជូនអាវុធក៏ពិតមែន តែមិនមែន ជាប្រព័ន្ធអាវុធបាញ់រយៈចម្ងាយឆ្ងាយ ដែលអ៊ុយក្រែនត្រូវការនោះទេ។
មិនតែប៉ុណ្ណោះ ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡាយដ៍ អូស្ទីន កាន់តែមានភាពមិនច្បាស់លាស់ទៅទៀត។ នៅក្រោយបំពេញទស្សនកិច្ច ក្នុងទីក្រុងកៀវ កាលពីខែមេសាកន្លងទៅ លោក អូស្ទីនបានបង្ហាញជំហរឈរនៅខាង “ក្រុមប្រទេសគាំទ្រយុត្តិធម៌” ដោយបញ្ជាក់ថាលោកខាងលិចគួរតែជួយ អ៊ុយក្រែនឱ្យឈ្នះនៅក្នុងសង្រ្គាម និងធ្វើឱ្យរុស្ស៉ីចុះទន់ខ្សោយ។ តែ ៣សប្ដាហ៍ក្រោយមក លោក អូស្ទីនត្រូវបានគេមើលឃើញថាបានងាកមកឈរនៅខាង “ក្រុមប្រទេសគាំទ្រសន្តិភាព” វិញម្ដង ជាមួយការអំពាវនាវឱ្យមាន “បទឈប់បាញ់ជាបន្ទាន់» ក្រោយរូបលោកជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu)។
មន្ទីរបញ្ចកោណ បានចេញមុខមកបញ្ជាក់ថានេះមិនមែនជាការផ្លាស់ប្ដូរគោលនយោបាយទេ។ តែជំហរមិនច្បាស់លាស់នេះបានកើតឡើងជាថ្មីទៀត នៅពេលដែល កាសែតអាមេរិក New York Times បានចុះផ្សាយបទវិចារណកថាមួយដែលអះអាងថាការធ្វើឱ្យរុស្ស៉ីចាញ់ក្នុងសង្រ្គាមគឺ “ជារឿងមិនប្រាកដប្រជា” និង “គ្រោះថ្នាក់បំផុត”។ ក្រោយមកទៀត អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ហេនរី ឃីសស៊ីងហ្គឺ (Henry Kissinger) បានធ្វើការកត់សម្គាល់មួយដែរថាកិច្ចចរចា គួរតែធ្វើឡើងនៅក្នុងរយៈពេល ២ខែខាងមុខ ដើម្បីបញ្ចៀសកុំឱ្យភាពតានតឹង និងជម្លោះរាលដាលកាន់តែធំ រហូតដល់គ្រប់គ្រងលែងបាន។
ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវូស (Davos) ប្រទេសស្វីស លោក Kissinger បានសង្កត់ធ្ងន់ដូច្នេះថា «រុស្ស៉ីមានតួនាទីយ៉ាងសំខាន់នៅក្នុង ការរក្សាតុល្យភាពអំណាចរបស់អឺរ៉ុប ដូច្នេះគេមិនគួររុញឱ្យរុស្ស៉ីចូលទៅក្នុងសម្ព័ន្ធភាពអចិន្ត្រៃយ៍ជាមួយចិននោះទេ»។ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានបន្ថែមថា ការវិលត្រឡប់ទៅរកស្ថានភាពមុនថ្ងៃ២៤ ខែកុម្ភៈគឺជាគំនិតមួយដ៏ល្អ ហើយការធ្វើសង្រ្គាមលើសពីចំណុចដើមនេះ វាមិនមែនដើម្បីសេរីភាពរបស់ អ៊ុយក្រែននោះទេ តែវាគឺជាសង្រ្គាមថ្មីមួយប្រឆាំងនឹងរុស្ស៉ី។
មកទល់នឹងបច្ចុប្បន្ន, មានការខ្វែងគំនិតគ្នាដ៏ធំមួយនៅក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច នោះគឺអ៊ុយក្រែនគឺជាអ្នកសម្រេចចិត្តពីអនាគតរបស់ខ្លួនឯង។ ប៉ុន្តែ ជម្រើសរបស់អ៊ុយក្រែនក៏វាអាស្រ័យទៅលើអ្វីដែលលោកខាងលិចចង់បានផងដែរ។ «អឺរ៉ុប ពិភពលោកគួរតែរួមសាមគ្គីគ្នា ពីព្រោះថាពួកយើងអាចខ្លាំងក្លា ដរាបណា ពួកយើងរួមសាមគ្គីគ្នា»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos។ បើតាមលោក ហ្សេលេនស្គី អ៊ុយក្រែន នឹងតស៊ូប្រយុទ្ធរហូតទាល់តែយកទឹករបស់ខ្លួនត្រឡប់មកវិញ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកក៏ហាក់ដូចជាបង្ហាញពីចេតនាចង់សម្រុះសម្រួលដែរដោយថា កិច្ចចរចាជាមួយរុស្ស៉ីអាចនឹងកើតឡើង នៅពេលរុស្ស៉ីដកកងទ័ពរបស់ខ្លួនចេញ ឬត្រឡប់ទៅរកស្ថានភាពមុនថ្ងៃទី២៤ ខែកុម្ភៈវិញ។
ក្រុមអ្នកវិភាគគោលនយោបាយអឺរ៉ុប ដូចជាលោកស្រី អុលហ្កា អូលីឃឺ (Olga Oliker) មកពីអង្គការ International Crisis Group យល់ថាគោលជំហររបស់អាមេរិក អឺរ៉ុប និងអ៊ុយក្រែន នឹងមានការប្រែប្រួលទៅតាមអ្វីដែលពួកគេគិតថាពួកគេអាចទទួលយកបាន។ លោកស្រី អូលីឃឺ បាននិយាយថា «អ៊ុយក្រែនបាន និងកំពុងចរចា ជាមួយសម្ព័ន្ធមិត្តលោកខាងលិចច្រើនជាងចរចាជាមួយរុស្ស៉ី» ហើយភាពស្រពិចស្រពិលបែបនេះក៏ឆ្លុះបញ្ចាំងពីភាពមិនច្បាស់លាស់នៃសង្រ្គាម និងអ្នកឈ្នះ ឬចាញ់ ដែរ។ នៅត្រង់នេះគេគួរតែចោទសួរថាតើអ៊ុយក្រែនកំពុងឈ្នះសង្រ្គាមដោយសារតែពួកគេអាចសង្រ្គោះរដ្ឋធានីកៀវ ហើយបណ្ដេញទាហានរុស្ស៉ីចេញពី ទីក្រុងខាកៀវ (Kharkiv) ឬក៏អ៊ុយក្រែនកំពុងចាញ់សង្រ្គាមដោយសារតែរុស្ស៉ីដណ្ដើមបានទីក្រុងម៉ារីយូប៉ូល និងប្រហែលជាទីក្រុងស៊ីវីយ៉េរ៉ូដូណេត (Severodonetsk) នឹងធ្លាក់ចូលក្រោមការឡោមព័ទ្ធរបស់ទាហានរុស្ស៉ីឆាប់ៗនេះ?
សម្រាប់ «ក្រុមប្រទេសគាំទ្រសន្តិភាព» អ្វីដែលពួកគេបារម្ភនោះគឺថាសង្រ្គាមអូសបន្លាយកាន់តែយូរ វានឹងធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើន សេដ្ឋកិច្ចខូចខាតកាន់តែ ធ្ងន់ចំពោះអ៊ុយក្រែន និងពិភពលោកទាំងមូល។ តែ «ក្រុមប្រទេសគាំទ្រយុត្តិធម៌» វិញ ជឿជាក់ថាទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្ស៉ីកំពុងចាប់ផ្ដើមចេញជាលទ្ធផល គួបផ្សំជាមួយពេលវេលាកាន់តែច្រើន ការបញ្ជូនអាវុធទំនើបៗកាន់តែច្រើន វានឹងជួយឱ្យអ៊ុយក្រែនឈ្នះសង្រ្គាម។ តែទោះជាបែបនេះក្ដី នៅពីក្រោយខ្វែងគំនិតគ្នានេះ ទាំង «ក្រុមប្រទេសគាំទ្រសន្តិភាព» និង «ក្រុមប្រទេសគាំទ្រយុត្តិធម៌» សុទ្ធតែមានការបារម្ភដូចគ្នា នោះគឺ «បារម្ភខ្លាចរុស្ស៉ីឈ្នះផង និងបារម្ភខ្លាចរុស្ស៉ីចាញ់ផង»។ ពោលគឺប្រសិនបើរុស្ស៉ីឈ្នះ នោះផែនទីអឺរ៉ុប សន្តិសុខអឺរ៉ុប រួមទាំងភូមិសាស្ត្រនយោបាយអឺរ៉ុបនឹងត្រូវគូសឡើងវិញជាថ្មី។ តែបើរុស្ស៉ីចាញ់វិញថាតើលោក ពូទីន អាច ទទួលយកបានដែរឬទេ? ចុះបើទទួលយកមិនបានថាតើលោកពូទីន នឹងធ្វើអ្វីចេញមកក្រៅ ប្រើអាវុធនុយក្លេអ៊ែរ ឬអាវុធគីមី?
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថានៅក្នុងរយៈពេលវែង អឺរ៉ុបនឹងចាំបាច់ស្វែងរកមធ្យោបាយមួយដើម្បីរួមរស់ជាមួយរុស្ស៉ី។ ប៉ុន្តែ នាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី កាចា កាឡាស់ (Kaja Kallas) បានរិះគន់គំនិតនេះដោយលើកឡើងថា «ការផ្ដល់សម្បទានឱ្យលោក ពូទីន គឺមានគ្រោះថ្នាក់ធំ ជាង ការដែលធ្វើឱ្យលោក ពូទីន ខឹងសម្បារទៅទៀត។
គួរបញ្ជាក់ថា បើតាមអ្នកជំនាញភាគច្រើន សង្រ្គាមអ៊ុយក្រែននឹងបញ្ចប់ទៅដោយអាស្រ័យមួយផ្នែកធំលើរុស្ស៉ី ឬអាចនិយាយបានថាអាស្រ័យទៅលើលោក ពូទីន តែម្ដង។ ពីព្រោះថាដើរមកដល់ដំណាក់កាលសព្វថ្ងៃនេះ លោក ពូទីន ត្រូវបានគេមើលឃើញថាបានប្ដេជ្ញាចិត្តយ៉ាងរឹងមាំថារុស្ស៉ីត្រូវតែវាយយកទឹកដីទាំងអស់ពី អ៊ុយក្រែន នៅក្នុងតំបន់ដុនបាស់ (Donbas) នៃភាគខាងកើត និងកាន់កាប់ទឹកដីបន្ថែមនៅភាគខាងលិចរបស់អ៊ុយក្រែន។ តួយ៉ាងដូចជា អ្នកវិភាគនយោបាយម្នាក់ មានមូលដ្ឋានក្នុងទីក្រុងកៀវ គឺលោក វ៉ូឡូឌីមៀ ហ្វិនសិនកូ (Volodymyr Fesenko) យល់ថាមើលទៅវានឹងមិនប្រញាប់ទេ សម្រាប់ «បទឈប់បាញ់» ដ្បិតស្ថានភាព នៅពេលនេះ ទាំងអ៊ុយក្រែន និងរុស្ស៉ីសុទ្ធតែជឿជាក់រៀងៗខ្លួនថាពួកគេនឹងទទួលបានជ័យជម្នះ។ បើតាមលោក Fesenko កិច្ចចរចាពីការសម្រុះសម្រួលអាចនឹងធ្វើ ទៅរួច ដរាបណាមូស្គូ និងកៀវទទួលស្គាល់ថាពួកគេដើរដល់ដំណាក់សង្រ្គាមជាប់គាំង តែទោះជាដូច្នេះក្ដី នៅពេលនោះវាប្រហែលគ្រាន់តែជារឿងបណ្ដោះអាសន្ន តែប៉ុណ្ណោះ៕
អត្ថបទ និងរូបភាព ដោយ៖ Puthinews