ដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ជាសាលាកាសែតដំបូងបង្អស់នៅកម្ពុជា ដែលផ្តោតសំខាន់លើ អាជីពអ្នកសារព័ត៌មាន ទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ។
DMC បានចែកចេញជាថ្នាក់បង់ថ្លៃ និងថ្នាក់អាហារូបករណ៍ បើកទទួលស្វាគមន៍ដល់ បេក្ខជនដែលមានចិត្តស្រឡាញ់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ រួមជាមួយកម្រិតចំណេះដឹងភាសាអង់គ្លេសល្អ ហើយសម្រាប់អ្នកដែលមានបំណងចង់ចូលរៀននៅទីនោះ ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមការកំណត់របស់សាលា ដូចជាមានសញ្ញាបត្របាក់ឌុប អាយុមិនលើស ២២ឆ្នាំ (ចំពោះសិស្សអាហារូបករណ៍) និងឆ្លងកាត់ការប្រឡងចូលជាដើម ។
ជាពិសេស ចំណុចដ៏សំខាន់ និងពិបាក សម្រាប់បេក្ខជនភាគច្រើនជួបប្រទះជារៀងរាល់ឆ្នាំ គឺ ការប្រឡងចូលជាប់ទើបអាចចូលរៀនបាន ដោយក្នុងនោះវាចែកចេញជា ២ ដំណាក់កាលសំខាន់ៗ ដូចជា៖
ដំណាក់កាលទី១៖ ប្រឡងសំណេរអំពីចំណេះដឹងវប្បធម៌ទូទៅ ជាភាសាខ្មែរ និងភាសាអង់គ្លេស។ នៅពេលដែលបក្ខជនជាប់វគ្គដំបូងនេះ សាលានឹងប្រកាសឈ្មោះទៅប្រឡងវគ្គចុងបញ្ចប់ ។ បន្ថែមពីនេះ អ្នកអាចរកទិញសៀវភៅកម្រងសំណួរចម្លើយដែលធ្លាប់ចេញកាលពីឆ្នាំប្រឡងមុនៗ សម្រាប់ជាជំនួយបាន ។
ចំណែកដំណាក់កាលទី២៖ ជាវគ្គសម្ភាសផ្ទាល់មាត់ រវាងបេក្ខជនម្នាក់ និងគណៈកម្មការចាប់ពីម្នាក់ឡើងទៅ ។ ជាទូទៅការសម្ភាសប្រព្រឹត្តទៅដោយប្រើប្រាស់ភាសាអង់គ្លេស ជាមួយសំណួរដែលទាក់ទងពីព័ត៌មានសំខាន់ៗ កើតឡើងជាប្រចាំថ្ងៃ និងសំណួរចំណេះដឹងទូទៅផ្សេងៗទៀតជាដើម ។
ទន្ទឹមនឹងនេះ កញ្ញា ម៉ៅ ស្រីពេជ្យ បច្ចុប្បន្នជានិស្សិតអាហាររូបករណ៍ ឆ្នាំទី៣ នៅ DMC បានចែករំលែកនូវបទពិសោធន៍ខ្លះៗក្នុងការត្រៀមខ្លួនឱ្យប្រលងជាប់ ។
កញ្ញាបាននិយាយថា ដើម្បីអាចឱ្យមានភាគរយខ្ពស់ក្នុងការប្រឡងជាប់នៅ DMC យើងត្រូវឧស្សាហ៍តាមដានព័ត៌មានរបស់ផេកសាលា ក៏ដូចជាចូលរួមក្នុងកម្មវិធីតម្រែតម្រង់ទិសដែលគេនឹងលម្អិតប្រាប់យើងអំពីព័ត៌មានទាក់ទងនឹងការត្រៀមខ្លួនប្រឡង និងការចូលរៀន ជាដើម ។
ស្របពេលជាមួយគ្នានេះ ស្រីពេជ្យ បានលើកទឹកចិត្តថា យើងត្រូវមានភាពក្លាហានហ៊ានសួររៀមច្បងដែលរៀននៅទីនោះ ដូចជា សួរនាំបទពិសោធន៍កាលជំនាន់គាត់ប្រឡង និងហ្វឹកហាត់សំណួរចម្លើយក្នុងសៀភៅឯកសារដែលធ្លាប់ចេញប្រឡងឆ្នាំមុនៗ ។
ដោយឡែក កញ្ញា ហេង ឆេងហួយ ជានិស្សិតឆ្នាំទី២ នៅថ្នាក់បង់ថ្លៃវិញ បានផ្តល់មតិថា “អំឡុងពេលខ្ញុំប្រឡងកាលពីដើមឆ្នាំ ២០២១ ខ្ញុំបានហ្វឹកហាត់ មើលព័ត៌មានស្ទើតែរាល់ថ្ងៃទាំងក្នុងស្រុក និងអន្តជាតិ ។ ប៉ុន្តែអ្វីដែលជាឧបសគ្គខ្លាំងនោះ គឺកម្រិតភាសាអង់គ្លេសរបស់ខ្ញុំ ព្រោះថានៅទីនោះ (DMC) ប្រើប្រាស់ភាសាអង់គ្លេសសឹងតែគ្រប់មុខវិជ្ជាទៅហើយ” ។
ឆេងហួយ បានបន្តថា ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ខ្លាំង ចង់ចូលរៀននៅ DMC ត្រូវហាត់រៀនភាសាអង់គ្លេសឱ្យបានល្អ ទាំងផ្នែក វេយ្យាករណ៍ និងពាក្យគន្លឹះ ពីព្រោះវាជាមូលដ្ឋានគ្រឹះក្នុងការជួយយើងឱ្យតាមទាន់មេរៀន ពេលដែលយើងប្រឡងជាប់ទៅ ។
គួរបញ្ជក់ផងដែរថា និស្សិតដែលបញ្ចប់ការសិក្សានៅ ដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នឹងទទួលបានបរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ជាមួយនឹងឱកាសជ្រើសរើស ជំនាញជាច្រើនក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ៕
ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News