ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំបានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវ ៦ ០១៦ ហិកតា និងខូចខាតចំនួន ៣ ៥១៣ ហិកតាដោយសារតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។
នៅក្នុងសារាចរណនាំ ស្តីពីការថែទាំសូ្រវរដូវវសឆ្នាំ២០២២ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី ២៧ ឧសភាបានឱ្យដឹងថា នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀងបានចាប់ផ្ដើមងធ្លាក់លឿនជាងឆ្នាំមុនៗ និងរាយប៉ាយស្ទើរគ្រប់ តំបន់ដែលបានផ្តល់អំណោយផលដល់ការដាំដុះដំណាំស្រូវដើមរដូវ។
ក្រសួងបានបន្តថាជាក់ស្តែងគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩%នៃផែនការ ២ ៦១៩ ៥០០ ហិកតា ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣ហិកតា ស្រូវកណ្ដាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួន ៧៩ ០៤៥ កតា ស្រូវចម្ការចំនួន ៦៣៧ហិកតា និងស្រូវឡើងទឹកចំនួន ៦ ១៤៣ហិកតា។
ក្រសួងបានបន្តទៀតថាប៉ុន្តែបើប្រៀបធៀបនឹងឆ្នាំ២០២១ ក្នុង រយៈពេលដូចគ្នា ការដាំដុះដំណាំស្រូវវស្សាមានភាពយឺតជាង ព្រោះតំបន់មួយចំនួនលិចទឹក និងជោកជាំពេកមិនអាចភ្ជួររាស់កើត។
ជាក់ស្ដែង នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ បានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ៦ ០១៦ហិកតា និងខូចខាតចំនួន ៣ ៥១៣ហិកតា ក្នុងនោះខេត្តបន្ទាយ មានជ័យមានផ្ទៃដីប៉ះពាល់ចំនួន ៤.៦៦៤ហិកតា និងខូចខាតចំនួន ២ ៣៨០ហិកតា និងខេត្តត្បូងឃ្មុំមានផ្ទៃដីប៉ះពាល់ ចំនួន ១ ៣៣៧ហិកតា និងផ្ទៃដីដូចនាគចំនូន ១.១៣៣ហិកតា។
យ៉ាងណាក៏ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដាក់ចេញវិធានការចាំបាច់និងបន្ទាន់ចំនួន៤ចំណុចសម្រាប់អនុវត្តថែទាំស្រូវនៅរដូវវស្សាឆ្នាំ២០២២នេះដើម្បីធានាបាននូវសន្តិសុខស្បៀងនិងលទ្ធផលនៃការងារបង្កបង្កើនផលសម្រេចបានល្អប្រសើរ ទៅតាមផែនការគ្រោងទុក៕
ដោយ៖ Puthinews