ខេត្តត្បូងឃ្មុំ៖ ជំងឺដំពកលើស្បែកសត្វគោ ក្របី របស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ នៅតែបន្តរាតត្បាតយ៉ាងខ្លាំងនៅឡើយ។ គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មានសត្វគោ ក្របី ជិត ៣០០០ក្បាលហើយ បានកើតជំងឺនេះ និងជាង៣០ក្បាល បានងាប់។ ដោយសន្ទុះនៃការរាតត្បាតមិនថមថយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានផ្តល់វ៉ាក់សាំងចំនួន២០០០ដូស សម្រាប់ចាក់លើសត្វគោ ក្របី ដែលមិនទាន់ឆ្លង ដោយជំហានទី១ អនុវត្តនៅស្រុកដំបែរ ខេត្តត្បូងឃ្មុំ។
លោក កែន ចន្ទ័សុជាតិ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា មកទល់នេះ ជំងឺដុំពកស្បែកសត្វគោ មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ដោយបានបន្តឆ្លងពីតំបន់មួយទៅតំបន់មួយ គ្រប់ក្រុង/ស្រុង ទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ហើយមកដល់ពេលនេះមានសត្វគោជិត ៣០០០ក្បាលហើយ បានកើតជំងឺនេះ។ ជំងឺដំពកឆ្លងតាមរយៈសត្វ មូស ខ្សុច សត្វរបោម ដែលវាខាំពីសត្វគោឈឺទៅខាំសត្វគោជា សត្វទាំងនេះជាភ្នាក់ងារចម្លងមេរោគដុំពកក្រោមស្បែកសត្វគោ យ៉ាងសកម្មបំផុត ខណៈមកដល់ពេលនេះចំនួនសត្វគោដែលងាប់បានកើនដល់ជាង ៣០ក្បាលហើយ ដោយភាគច្រើនជាកូនគោ ដោយយកទៅកប់ចោល។
បើតាមមន្ត្រីជំនាញពេទ្យសត្វ បានលើកឡើងថា ជំងឺនេះមិនបង្កឱ្យមានការភ័យខ្លាចពេកនោះទេ តែវាបានប៉ះពាល់ដល់ការលូតលាស់ ប៉ះពាល់ដល់គោផើម ធ្វើឱ្យបាត់សមត្ថភាពបន្តពូជ និងអាចបណ្តាលឱ្យគោងាប់បាន ជាពិសេសកូនគោ។ ជំងឺនេះ អាចព្យាបាលជាសះស្បើយ ហើយទទួលបានភាពស៊ាំក្នុងរយៈពេល ៥ទៅ៧ថ្ងៃ បើទទួលការថែទាំ និងព្យាបាលបានត្រឹមត្រូវ។ ដូច្នេះ អ្នកដែលចិញ្ចឹមគោ ក្របី បើកើតមានរោគសញ្ញាជំងឺនេះ ត្រូវរាយការណ៍ដល់មន្ត្រីជំនាញ ឬភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីផ្តល់ការពិនិត្យ និងពិគ្រោះក្នុងព្យាបាល។
សូមបញ្ជាក់ថា ជំងឺដំពកលើស្បែកគោនេះ ធ្វើឱ្យសត្វគោមានអាការៈ ចេញដុំពកលើស្បែកកើតជាដំបៅពេញខ្លួន របើកក្រចកជើង មិនសូវស៊ីស្មៅ និងដេកមិនកើត ពេលមានអាការៈចេញដុំពកច្រើនសត្វគោមានលាមកឈាម ជាដើម។ នេះបើយោងតាមការរៀបរាប់របស់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News