ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) នៅថ្ងៃអង្គារសប្តាហ៍នេះបានបញ្ជាក់ថា ខ្លួនបានកត់ត្រាករណីស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ២៧៤នាក់ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ខណៈដែលករណីឆ្លងកើនឡើង។ ក្រសួងសុខាភិបាលហ្វីលីពីនបានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីឆ្លងជំងឺគ្រុនឈាមប្រមាណ ៦៥,១៩០ករណី ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២នេះ ពោលគឺខ្ពស់ជាងឆ្នាំមុន ៨៣ភាគរយ។
ទិន្នន័យរបស់នាយកដ្ឋាន DOH បានបង្ហាញថា តំបន់លូហ្សូន ភាគកណ្តាលបានកត់ត្រាចំនួនខ្ពស់បំផុតដោយមានចំនួន ៩,៤៤៨ករណី បន្ទាប់មកតំបន់វីសាយ៉ាស់ នៅភាគកណ្តាលប្រទេសហ្វីលីពីនមានចំនួន ៧.៧៧១ករណី និងឧបទ្វីបហ្សាំបូអាងហ្គា នៅភាគខាងត្បូងប្រទេសហ្វីលីពីនមានចំនួន ៥.៧៩៨ករណី។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមបន្ថែមទៀត ក្រសួងសុខាភិបាលហ្វីលីពីនបានជំរុញឱ្យសាធារណជនទូទៅ បំផ្លាញទីកន្លែងបង្កកំណើតសត្វមូសនៅក្នុងសហគមន៍របស់ពួកគេ។ ជំងឺគ្រុនឈាមគឺជាជំងឺរាតត្បាតនៅក្នុងប្រទេសហ្វីលីពីន។
ជំងឺឆ្លងតាមទឹក រួមទាំងជំងឺគ្រុនឈាម ជាធម្មតាកើនឡើងដល់កំពូលនៅដើមរដូវវស្សាចាប់ពីខែកក្កដា ដល់ខែតុលា ដោយសារអាកាសធាតុប្រែប្រួល គ្រោះទឹកជំនន់ និងការប្រមូលផ្តុំទឹកកខ្វក់នៅក្នុងប្រទេសមួយចំនួន។
ក្នុងករណីធ្ងន់ធ្ងរ ជំងឺគ្រុនឈាមអាចបណ្តាលឱ្យអ្នកជំងឺឈឺសន្លាក់ ក្អួតចង្អោរ កន្ទួល ពិបាកដកដង្ហើម ហូរឈាម និងខូចសរីរាង្គ។ ហ្វីលីពីនបានប្រកាសពី “ជំងឺគ្រុនឈាមថ្នាក់ជាតិ” នៅក្នុងខែសីហា ឆ្នាំ២០១៩ ដោយសារការកើនឡើងនៃចំនួនអ្នកស្លាប់ពីព្រោះតែជំងឺដ៏កាចសាហាវមួយនេះ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News