28 C
Phnom Penh
Sunday, December 22, 2024

ជប៉ុនបានចល័តយន្តហោះ តាមដានយន្តហោះចម្បាំងចិន

(តូក្យូ)៖ ជប៉ុនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានចល័តយន្តហោះចម្បាំងនិងនាវាចម្បាំង ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ដើម្បីតាមដានសកម្មភាព នាវាផ្ទុកយន្តហោះចម្បាំង លាវនីង (Liaoning) រួមជាមួយនាវាចម្បាំង៥គ្រឿងទៀតរបស់ប្រទេសចិន ដែលបានធ្វើប្រតិបត្តិការនៅតំបន់ប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

ក្រសួងការពារជាតិជប៉ុនបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ជប៉ុនបានឃ្លាំមើលប្រតិបត្តិការខាងលើ បន្ទាប់ក្រុមនាវា យោធារបស់ចិន ដែលរួមមានទាំងនាវាពិឃាដបំពាក់មីស៉ីលផងដែរ បានធ្វើនាវាចរណ៍នៅចន្លោះដែនកោះអូគីណាវ៉ា (Okinawa) និងកោះមីយ៉ាកូជីម៉ា (Miyakojima) របស់ជប៉ុន ពីតំបន់សមុទ្រចិនខាងកើត ចូលទៅកាន់តំបន់ប៉ាស៉ីហ្វិកភាគខាងលិច កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

បន្ទាប់ពីត្រឡប់មកវិញកាលពីថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ តាមច្រកផ្លូវធ្វើដំណើរដដែល នាវា Liaoning បានធ្វើការហាត់សម ហោះឡើងនិងចុះចតនៃយន្តហោះក៏ដូចជាឧទ្ធម្ភាគចក្ររបស់ខ្លួនសរុបជាង ៣០០លើក ប៉ុន្តែមិនមានការរំលោភបំពានណាមួយចូល ដែនទឹកឬដែនអាកាសអធិបតេយ្យរបស់ជប៉ុននោះឡើយ។

គួរបញ្ជាក់ថា ខណៈចិនធ្លាប់ធ្វើប្រតិបត្តិការស្រដៀងគ្នាកាលពីមុនមកក៏ដោយ រួមមានកាលពីខែឧសភា សកម្មភាពទ្រង់ទ្រាយធំ លើកនេះ របស់ក្រុមនាវាយោធាចិន នៅក្បែរដែនកោះរបស់ជប៉ុន គឺកើតមានឡើង បន្ទាប់ពីទីក្រុងតូក្យូបានប្រកាស បង្កើនទំហំកញ្ចប់ ថវិកាការពារជាតិទ្វេដង ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីទប់ទល់ការកើនឡើងនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំង។ កាលពីថ្ងៃអាទិត្យ ជប៉ុនក៏បានរាយការណ៍ផងដែរ ពីការប្រទះឃើញសកម្មភាពហោះហើរ នៃយន្តហោះដ្រូនធុន WZ-7 របស់ចិន នៅកៀកនឹងកោះ Miyakojima ខណៈវាជាលើកដំបូងហើយ ដែលជប៉ុនបានប្រទះឃើញដ្រូនរយៈកម្ពស់ខ្ពស់នេះ នៅក្នុងតំបន់នោះ៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img