ខេត្តព្រះសីហនុ៖ ជនជាតិចិនចំនួន ៣ នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់ប្រហារទៅលើជនជាតិចិន ៣ នាក់ នៅក្នុងកាស៊ីណូ បង្កឱ្យជនជាតិចិន ២ នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈម្នាក់ទៀតរបួសធ្ងន់ ពេលនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ តាមស្រាវជ្រាវចាប់ខ្លួនបានហើយ។
ក្នុងប្រតិបត្តិការដ៏ក្តៅកគុគនេះបានធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៌ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលផ្នែកច្បាប់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។

ក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបជនសង្ស័យនេះ សមត្ថកិច្ចបានប្រើពេលប្រមាណ ៣ ម៉ោង គឺនៅម៉ោង ១ និង ៣០ នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទើបចាប់ខ្លួនជនសង្ស័យជនជាតិចិនបានចំនួន ៣ នាក់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ៣ នាក់នេះមានឈ្មោះ៖

១- ឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ
២- ឈ្មោះ DU CHONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ
៣- ឈ្មោះ XIONG ZHENG ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ ត្រូវបានការិយាល័យជំនាញ កំពុងធ្វើការសាកសួរតាមនីតិវិធី។
សូមបញ្ជាក់ថា នៅម៉ោង ១០ និង ៤៥ នាទីយប់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ មានករណីបាញ់ប្រហារយ៉ាងសាហាវនៅក្នុងអគារកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។ ក្នុងហេតុការណ៍បាញ់សម្លាប់មនុស្សមិនញញើតដៃនេះ បានបង្កឱ្យជនជាតិចិនចំនួន ២ នាក់ត្រូវគ្រាប់ស្លាប់ភ្លាមៗដេកដួលលើឥដ្ឋការ៉ូនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុភ្លាម ក្រុមសមត្ថកិច្ចនគរបាលស្នងការខេត្តព្រះសីហនុ និងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុជាច្រើននាក់ បាននាំគ្នាចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ និងតាមស្រាវជ្រាវរកជនបង្ក៕

ដោយ៖ ពុទ្ធិញ៉ូស៍
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News