នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេស នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសហាមឃាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ី នូវរាល់ផលិតផលទាំងអស់ដែលរុស្ស៉ីអាចប្រើប្រាស់ប្រឆាំងនឹងប្រជាជនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។
សេចក្ដីថ្លែងការណ៍ខាងលើ បានគូសបញ្ជាក់យ៉ាងដូច្នេះថា “ចក្រភពអង់គ្លេស បានប្រកាសហាមឃាត់ការនាំចេញរាល់ផលិតផល និងបច្ចេកវិទ្យាទាំងអស់ដែលរុស្ស៊ីអាចប្រើប្រាស់ ដើម្បីគាបសង្កត់ប្រជាជនអ៊ុយក្រែន។ ផលិតផលទាំងអស់នោះ អាចរួមបញ្ចូលឧបករណ៍ចាប់សញ្ញា និងតាមដានជាដើម”។

ចក្រភពអង់គ្លេស ក៏បានប្រកាសលុបចោលពន្ធគយ និងកូតាលើការនាំចូលផលិតផលអ៊ុយក្រែនផងដែរ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានរាយការណ៍ថា “ពន្ធគយទាំងអស់លើការនាំចូលផលិតផលពីអ៊ុយក្រែននាពេលឥឡូវនេះ នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ហើយកូតាទាំងអស់ នឹងត្រូវដកចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់ប្រជាជនអ៊ុយក្រែន ក្នុងពេលវេលាដែលពួកគេត្រូវការបំផុត”។ ការសម្រេចចិត្តនេះ ត្រូវបាន ធ្វើឡើងក្នុងការឆ្លើយតប នឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky។
បើតាមសេចក្ដីថ្លែងការណ៍ខាងលើ វិធានការលើកលែងពន្ធនោះ គឺជាផ្នែកមួយនៃការគាំទ្រសេដ្ឋកិច្ចដ៏ទូលំទូលាយ របស់ចក្រភពអង់គ្លេសដល់ប្រទេសអ៊ុយក្រែន ដែលរួមទាំងការធានាប្រាក់កម្ចីចំនួន ១ពាន់លានផោនផងដែរ។ សេចក្តីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា “ការដកពន្ធលើការនាំចេញទំនិញសំខាន់ៗរបស់អ៊ុយក្រែន រួមមានស្រូវបាឡេ ទឹកឃ្មុំ ប៉េងប៉ោះកំប៉ុង និងបសុបក្សី នឹងជួយដល់អាជីវកម្ម និងផលិតករអ៊ុយក្រែន នៅពេលដែលពួកគេត្រូវការវាជាទីបំផុត”៕
ប្រភព TASS ប្រែសម្រួលដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News