29 C
Phnom Penh
Friday, November 22, 2024

ឃាត់ខ្លួនពលករចំនួន៣១នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ នៅគោលដៅ២ផ្សេងគ្នា

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរចំនួន២គោលដៅ ក្នុងថ្ងៃតែមួយសរុបចំនួន៣១នាក់ (ស្រី១៦នាក់) ក្នុងភូមិសាស្ត្រឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលពួកគេបម្រុងឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់។

លោកអនុសេនីយ៍ត្រី ង៉ា ស្រស់ នាយរងប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត បានឱ្យដឹងថា នៅវេលាម៉ោង ១០យប់ ថ្ងៃទី0១ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលការពារព្រំដែនវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន១០នាក់ (ស្រី៦នាក់) មកពីខេត្តពោធិ៍សាត់ នៅចំណុចផ្សារបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ប្រគល់ឱ្យនគរបាលប៉ស្តិ៍រដ្ឋបាលឃុំគោករមៀត។ បន្ទាប់ពីការសួរនាំប្រជាពលរដ្ឋទាំងនោះ បានប្រាប់ថា ពួកគាត់មានបំណងទៅធ្វើការនៅប្រទេសថៃ និងបានទាក់ទងមេខ្យល់ជនជាតិថៃ ដោយគេយកថ្លៃជូនផ្លូវតម្លៃក្នុងម្នាក់៦៥០០បាត ដល់កន្លែងធ្វើការទើបប្រគល់ប្រាក់។ លុះធ្វើដំណើរដល់ចំណុចខាងលើក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ដោយឡែក លោកអនុសេនីយ៍ត្រី ង៉ា ស្រស់ ក៏បានឱ្យដឹងទៀតថា នៅវេលាម៉ោង១១យប់ថ្ងៃទី0១ ខែវិច្ឆិកា ឆ្នាំ២០២១ នគរបាលប៉ុស្តិ៍ការពារព្រំដែនភ្នំប្រាក់ នៃវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនដោយខុសច្បាប់ក្នុងភូមិសាស្ត្រ ឃុំគោករមៀតចំនួន២១នាក់ (ស្រី១០​​នាក់) ក្នុងនោះមកពីខេត្តបន្ទាយមានជ័យ ១៣នាក់ បាត់ដំបង0១នាក់ ខេត្តស្ទឹងត្រែង0២នាក់ និងខេត្តសៀមរាបចំនួន0៥នាក់។

យោងតាមការសួរនាំប្រជាពលរដ្ឋទាំង២១នាក់ ពួកគាត់មានបំណងទៅធ្វើការងារនៅប្រទេសថៃ ដោយបានទាក់ទងមេខ្យល់ជនជាតិថៃតាមទូរស័ព្ទ ដោយគេយកថ្លៃជូនផ្លូវចំនួន ៦,០០០បាត ទៅ៦,៥០០បាត ហើយ​ពួកគាត់បានជិះតាក់ស៊ីនៅទីរួមខេត្តបន្ទាយមានជ័យ ទៅបឹងត្រកួន ក្នុងតម្លៃក្នុងម្នាក់​យក​៧០០​បាត ទៅ២,០០០បាត។ នៅពេលទៅដល់បឹងត្រកួនក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ។ បច្ចុប្បន្ន ប្រជាពលរដ្ឋទាំង៣១នាក់ ត្រូវបានបញ្ជូនទៅក្រុមការងារចម្រុះប្រចាំការនៅច្រកអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img
spot_img