ភ្នំពេញ៖ ករណីឃាតកម្ម នៅខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៨ ខែមេសាម្សិលមិញ នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនសង្ស័យឈ្មោះ ភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ។
សូមបញ្ជាក់ថាឃាតកម្មកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦ នៅចំណុចក្នុងបន្ទប់ជួលលេខ ៥បេ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ខុម វ៉ានឌី ភេទប្រុស អាយុ២១ឆ្នាំ។
បុរសរូបនេះបានសារភាពថា ខ្លួនពិតជាបាធ្វើសកម្មភាព “សម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ពិតប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងប្រុសផ្សេង ជាហេតុធ្វើឱ្យខ្លួនផ្ទុះការប្រច័ណ្ទ ហើយក៏យកខ្សែភ្លើងរិតកសម្លាប់” ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានយកទូរស័ព្ទ និងម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ជិះគេចខ្លួនទៅស្រុកកំណើតនៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថាប្រតិបត្តិការធ្វើឡើងដោយនាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយនគរបាល រាជធានីភ្នំពេញ និងនគរបាលខេត្តព្រះវិហារ។ ក្នុងនោះក៏បានដកហូត ទូរស័ព្ទ១គ្រឿងម៉ាក របស់ជនរងគ្រោះផងដែរ។
ក្រោយសាកសួរ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឱ្យទៅនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News