ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រគេន និងជូនដំណឹងទូលប្រគេន ដែលបានលើកឡើងថា ដោយសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃការចាប់ផ្ដើម ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងវត្តអារាម ជាពិសេសតាម បណ្តាវត្តមួយចំនួន ក្នុងរាជធានីភ្នំពេញ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការព្រួយបារម្ភ ជាខ្លាំងនិងសូមគាំទ្រចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត និងគិតគូរពីបញ្ហាសុខភាពសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
សេចក្តីប្រគេន និងជូនដំណឹងដដែល បានបន្ថែមថា ដើម្បីចូលរួមគាំទ្រដល់វិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ ដែលមិនបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឱ្យបានពេញលេញតាមទំនៀមទំលាប់ប្រពៃណីជាតិ ពីបុរាណមក សូមមេត្តាយោគយល់ពីស្ថានភាពដ៏លំបាកនេះ និងសូមទូលប្រគេនចំពោះព្រះសង្ឃ ដែលមានវិជ្ជមានកូវីដ-១៩ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីព្យាបាលតាមការចាត់ចែង របស់មន្ត្រីសុខាភិបាល ដោយឡែកចំពោះ ព្រះសង្ឃ តាមបណ្តាវត្តអារាមទាំងអស់ សូមគោរពវត្តប្រតិបត្តិកិច្ចវត្តព្រឹក ល្ងាច ស្របតាមត្រៃសិក្ខា មាន សីល សមាធិ បញ្ញា និងអនាម័យ ជាប់ជាប្រចាំ ជាពិសេសអនុវត្តតាមវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនជៀសវាងការឆ្លងរាលដាលបន្ថែមទៀត។
ទន្ទឹមនឹងនេះគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចម្រើនពរ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវវិធានការណ៍ទាន់ពេលវេលា ក្នុងការទប់ស្កាត់ការឆ្លងរាលដាល ទ្រង់ទ្រាយធំទូទាំងប្រទេស នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា(Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស ដោយសង្ឃឹមនិងជឿជាក់ លើការដឹកនាំប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ និងរូបភាពដោយ៖ Puthinews