កីឡាករអន្តរជាតិអេស្ប៉ាញ David Silva បានប្រកាសពីការចូលនិវត្តន៍ពីបាល់ទាត់ នៅថ្ងៃព្រហស្បតិ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីរងរបួសសរសៃចងជង្គង់ខាងមុខ (ACL) នៅក្នុងការហ្វឹកហាត់ត្រៀមប៉ះក្លិប Real Sociedad មុនបើករដូវកាលថ្មី។
ខ្សែបម្រើវ័យ ៣៧ឆ្នាំរូបនេះ បានរងរបួសជង្គង់ខាងឆ្វេងកាលពីដើមខែកក្កដា នៅពេលកំពុងហ្វឹកហាត់ មុនការប្រកួតនៃរដូវកាលទី៤ របស់លោកជាមួយនឹងក្លិបដែលលេងនៅលីគ La Liga នេះ។
«ថ្ងៃនេះ វាគឺជាពេលវេលាដែលត្រូវនិយាយពាក្យថាលាហើយ ចំពោះអ្វីដែលខ្ញុំបានបួងសួង សម្រាប់ពេញ ១ជីវិតរបស់ខ្ញុំ។ ថ្ងៃនេះ វាគឺជាពេលវេលាដែលត្រូវនិយាយពាក្យលា ចំពោះមិត្តរួមក្រុម ដែលដូចទៅនឹងគ្រួសាររបស់ខ្ញុំដែរ។ ខ្ញុំនឹងនឹកអ្នកខ្លាំងណាស់»។
Silva បានឈ្នះពានរង្វាន់ធំៗជាច្រើន ដែលក្នុងនោះរួមទាំងពានរង្វាន់ World Cup ក្នុងឆ្នាំ២០១០ និងពានរង្វាន់ European Championship ២ដង ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។ ជាមួយគ្នានោះ លោកក៏បានឈ្នះពានរង្វាន់ Copa del Rey ២លើក ដោយម្តងឈ្នះជាមួយក្លិប Valencia ក្នុងឆ្នាំ២០០៨ និងពានរង្វាន់ចុងក្រោយរបស់លោក បានឈ្នះជាមួយក្លិប Sociedad ក្នុងឆ្នាំ២០២០។
លើសពីនេះទៀត ការលេងជោគជ័យបំផុតរបស់លោក គឺនៅក្លិប Manchester City ជាទីកន្លែងដែលលោកបានឈ្នះពានរង្វាន់ Premier League ៤លើក, ពានរង្វាន់ FA Cup ចំនួន ២លើក និងពានរង្វាន់ League Cups ៥លើក ក្នុងរយៈពេល ១ទសវត្សរ៍ ចាប់ពីឆ្នាំ២០១០-២០២០៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News