ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានទទួលស្វាគមន៍មន្រ្តីអធិការកិច្ចរបស់វិទ្យាស្ថានស្តង់ដារកម្ពុជាចុះពិនិត្យការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា និងវិសោធន៍ច្បាប់ស្តីពីស្តង់ដារកម្ពុជានៅទីតាំងលក់រថយន្ត FORD សាខាមុន្នីវង្យ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ការត្រួតពិនិត្យរបស់មន្ត្រីអធិការកិច្ចនេះមានគោលបំណងលើកកម្ពស់ការអនុវត្តស្តង់ដារសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសចំពោះផលិតផលយានយន្ត។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ជាក្រុមហ៊ុនដែលមានកម្រិតអនុលោមភាពខ្ពស់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្តង់ដារសុវត្ថិភាពយានយន្ត និងបទប្បញ្ញតិបច្ចេកទេសយានយន្តផ្សេងទៀតដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
លោកប្រធាននាយកដ្ឋានបញ្ញត្តកម្ម នៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា៖ បច្ចុប្បន្ននេះមន្ត្រីអធិការកិច្ច នៃវិទ្យាស្ថានស្តង់ដារកម្ពុជា បាននឹងកំពុងបន្តចុះពិនិត្យ និងជំរុញការអនុវត្តប្រកាសលេខ ២៦៦ MISTI/២០២០ ស្តីពីការកំណត់កម្មវិធីសម្រាប់អនុវត្តប្រកាសលេខ ១៥០ MIH/២០១៦ នៅតាមបណ្តាក្រុមហ៊ុនផលិត នាំចូល ផ្សព្វផ្សាយពាណិជ្ជកម្មលក់ ឬលក់ផលិតផលយានយន្តថ្មីទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីធានាឱ្យបានការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា និងវិសោធនកម្មច្បាប់ស្តីពីស្តង់ដារកម្ពុជា ដែលអាចរក្សាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ និងបង្ការភាពមហន្តរាយដែលប៉ះពាល់ដល់មនុស្ស សត្វ បរិស្ថាន និងសង្គម និងធានាឱ្យបាននូវការប្រកួតប្រជែងមួយដែលស្មើភាពគ្នា។
ដោយឡែកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានចូលរួមគាំទ្រយ៉ាងពេញទំហឹងឱ្យមានការអនុវត្តស្តង់ដារសុវត្ថិភាព និងបទប្បញ្ញត្តិបច្ចេកទេសចំពោះផលិតផលយានយន្តឱ្យកាន់តែតឹងរ៉ឹងចំពោះក្រុមហ៊ុនទាំងឡាយណាដែលមិនទទួលបានសិទ្ធិនាំចូលស្របច្បាប់ និងក្រុមហ៊ុនដែលមិនទាន់បានអនុលោមតាមស្តង់ដារសុវត្ថិភាពយានយន្តរបស់រាជរដ្ឋាភិបាល។ ក្រុមហ៊ុនសូមថ្លែងអំណរគុណចំពោះវិទ្យាស្ថានស្តង់ដារកម្ពុជាដែលបានខិតខំប្រឹងប្រែងជំរុញការអនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងទៀតពាក់ព័ន្ធនឹងផលិតផលយានយន្ត។ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តគាំទ្រ និងលើកកម្ពស់អនុលោមភាពនៃស្តង់ដារសុវត្ថិភាពយានយន្តនៅកម្ពុជា។
អត្ថបទ និងរូបភពដោយ៖ Puthinews