រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland នៅប្រទេសស្វីស។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់កាសែតខ្មែរថាមស៍ កាលពីថ្ងៃចន្ទ័ថា ក្រុមហ៊ុន Nestle ដែលជាក្រុមហ៊ុនផលិតនូវផលិតផលទឹកដោះគោឈានមុខគេមួយក្នុងពិភពលោក គ្រោងនឹងបើករោងចក្ររបស់ខ្លួនឡើងវិញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីបានបរិច្ចាគរោងចក្រខ្លួនក្នុងរាជធានីភ្នំពេញ ទៅដល់អង្គការមិនមែនរដ្ឋាភិបាល អស់រយៈពេលមួយទសវត្សរ៍កន្លះរួចមក។
សេចក្តីសម្រេចនេះ ត្រូវបានបញ្ជូនទៅគណៈប្រតិភូកម្ពុជាដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ដែលបានធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestle Switzerland ក្នុងទីក្រុង Vevey។
លោកបានមានប្រសាសន៍ថា៖«យើងបានជំរុញឱ្យក្រុមហ៊ុនវិនិយោគទៅលើរោងចក្រនៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយសារបរិយាកាសនៃការវិនិយោគ និង អាជីវកម្មនៅក្នុងប្រទេសមានភាពប្រសើរឡើង»។
លោកបន្តថា ក្រុមហ៊ុន Nestle មានទីតាំងនៅក្នុងខណ្ឌឬស្សីកែវ ប្រទេសកម្ពុជា។ យើងបានបញ្ចុះបញ្ចូលក្រុមហ៊ុនឱ្យពិចារណាលើការបើកដំណើរការរោងចក្រឡើងវិញ ពីព្រោះទីផ្សារនៅទីនេះ ធំជាងមុន និងខុសប្លែកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនទៀត ។
លោក ប៉ែន សុវិជាតិ បានប្រាប់បុគ្គលិករបស់ក្រុមហ៊ុន Nestle រួមមានលោក Remy Ejel ជានាយកប្រតិបត្តិក្រុមហ៊ុនប្រចាំតំបន់អាស៊ី,
អូសេអានី និងអនុតំបន់សាហារ៉ាអាហ្រ្វិក
(AOA), លោក Chris Hogg ជាប្រធានផ្នែកទំនាក់ទំនង VP និង លោក Michelle Alvarillo ជាអ្នកគ្រប់គ្រងតំបន់ថា កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយ ក៏បានចូលរួមភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ជាដៃគូរបស់កម្ពុជាផងដែរ។
លោកបន្តថា កម្ពុជាក៏បានបង្កើតច្បាប់ដើម្បីធានាបរិយាកាសវិនិយោគ និងធុរកិច្ចឲ្យកាន់តែប្រសើរឡើងក្នុងប្រទេស ជាមួយនឹងការប្រកួតប្រជែងដោយយុត្តិធម៌ និងគុណភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងការការពារសិទ្ធិអចលនទ្រព្យ ដើម្បីទាក់ទាញការវិនិយោគពីបរទេសផងដែរ។ ទាំងអស់នេះហើយដែលនាំឱ្យក្រុមហ៊ុនពិចារណាលើការវិនិយោគក្នុងប្រទេសរបស់យើងម្ដងទៀត តាមរយៈការសាងសង់រោងចក្រ និង គ្រឿងបរិក្ខារផ្សេងទៀតនៅទីនេះ។ ប៉ុន្តែ ក្រុមហ៊ុនត្រូវការដៃគូដើម្បីធ្វើការសិក្សាលើការបង្កើតរោងចក្រ ក្នុងប្រទេសកម្ពុជា។
បុគ្គលិកម្នាក់នៅការិយាល័យតំណាងរបស់ក្រុមហ៊ុន Nestle ក្នុងទីក្រុងភ្នំពេញ បាននិយាយថា បុគ្គលិករបស់ក្រុមហ៊ុននៅកម្ពុជាក៏ត្រូវបានជូនដំណឹងអំពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីមកកាន់ទីស្នាក់ការរបស់ខ្លួននៅប្រទេសស្វីសផងដែរ។
ក្រុមហ៊ុន Nestlé បានប្រគល់អគាររោងចក្រទំនេររបស់ខ្លួនក្នុងរាជធានីភ្នំពេញទៅឱ្យអង្គការ Hagar International ដែលជាមូលនិធិស្វីស ដើម្បីជួយស្ត្រីទុរគត និងកុមារក្នុងឆ្នាំ ២០០៧ ក្នុងការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភ និងភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Nestlé ក៏ផ្តល់ឱ្យអង្គការ Hagar International នូវចំណេះដឹងបន្ថែមលើការផ្គត់ផ្គង់ទឹកស្អាត និងការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់បុគ្គលិករបស់ខ្លួនផងដែរ។ ភាពជាដៃគូរបស់ក្រុមហ៊ុន Nestlé ជាមួយអង្គការ Hagar International បានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៦ នៅពេលដែលទីប្រឹក្សាបច្ចេកទេសរបស់ក្រុមហ៊ុន Nestlé បានចាប់ផ្តើមជួយអង្គការឱ្យប្រសើរឡើងនូវការអនុវត្តផលិតកម្មអាហាររបស់ក្រុមហ៊ុន៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News