ក្រុមហ៊ុន ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក (RMA Cambodia Plc.) ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ស្នាដៃរបស់អង្គការគយពិភពលោក (WCO Certificates of Merit) ក្នុងឱកាសនៃការប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតគុណញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករ ព្រមទាំងវិស័យឯកជន។
ការរៀបចំពិធីអបអរសាទរទិវាគយអន្តរជាតិនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកដល់ការបង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការគយ ឬអង្គការគយពិភពលោក ដែលមានប្រទេសជាសមាជិកចំនួន ១៨៤ ប្រទេស។ សមាជិកនីមួយៗបានរៀបចំពិធីអបអរសាទរទិវាគយអន្តរជាតិនេះជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះ ទិវាគយអន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គាំទ្រអ្នកជំនាន់ក្រោយ៖ ដើម្បីជំរុញលើកកម្ពស់វប្បធម៌នៃការចែករំលែកចំណេះដឹង និងមោទកភាពវិជ្ជាជីវៈគយ»។
នៅក្នុងឱកាសនៃការអបអរសាទរទិវាគយអន្តជាតិនេះឯកឧត្តមបណ្ឌិតគុណញឹម ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃរបស់អង្គការគយពិភពលោក ជូនមន្រ្តីគយនិងរដ្ឋាករ ព្រមទាំងក្រុមហ៊ុនធុរជនល្អបំផុតចំនួន ១០ រួមមានក្រុមហ៊ុន អ អិម អេ ខេមបូឌា ផងដែរ ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសម្រួលពាណិជ្ជកម្មពង្រឹងអនុលោមភាព និងបំពេញកាតព្វកិច្ចពន្ធ និងអាករ។



