ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ជាថ្មីម្តងទៀត តាមរយៈប្រើប្រាស់សេវាកម្មដឹកជញ្ជូនវីងម៉ល ដើម្បីបរិច្ចាគអាហារបន្ថែមពី KFC ជូនដល់វីរជន នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។
នៅថ្ងៃចន្ទ ទី១៦ ខែសីហានេះ ក្រុមការងារវីងម៉លបានយកអាហារជាលើកទីពីរពីហាង KFC ទូទាំងរាជធានីភ្នំពេញជូនដល់វេជ្ជបណ្ឌិត គិគិលានុបដ្ឋាយិការ និងអ្នកស្ម័គ្រចិត្ត នៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។
អាហារទាំងនោះ ត្រូវបានបញ្ជូនទៅការិយាល័យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ក្នុងខណ្ឌទួលគោក មុនពេលត្រូវបានចែកចាយដល់វីរជនជួរមុខនៅក្នុងទីក្រុងភ្នំពេញ សម្រាប់អាហារសម្រន់ពេលរសៀលរបស់ពួកគេ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ត្រូវបានដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ដោយធ្វើការងារសប្បុរសធម៌នៅទូទាំងប្រទេសកម្ពុជា តាមរយៈការពិនិត្យសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាខេត្តមួយចំនួន និងជាពិសេសជួយដល់កម្មកររោងចក្រ និងកុមារកំព្រាជាដើម។
ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ បានចូលរួមក្នុងកិច្ចការជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលបានជួយសហគមន៍របស់យើងតាំងពីដើមរៀងមក”។
អ្នកទាំងអស់គ្នាពិតជាវីរជន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ គឺជាការផ្តល់ជូនអាហារលើកទី២ ពីអ្នកឧកញ៉ា គិត ម៉េង ដល់ក្រុមការងារនៅសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដែលជាកាយវិការ ដើម្បីបង្ហាញពីការដឹងគុណដោយស្មោះចំពោះភាពក្លាហាន និងការខិតខំប្រឹងប្រែងដោយមិនគិតពីខ្លួនឯងដើម្បីការពារសហគមន៍។ ការផ្តល់អាហារលើកដំបូងត្រូវបានធ្វើឡើងកាលពីថ្ងៃទី០១ ខែសីហា នេះ។
អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា៖ “ខណៈពេលដែលអ្នកទាំងអស់គ្នាកំពុងបន្តការពារសហគមន៍យើង ខ្ញុំក៏សង្ឃឹមថា អ្នកទាំងអស់គ្នានឹងថែរក្សាសុខភាពខ្លួនឯងឱ្យបានល្អផងដែរ។ សុខភាពរបស់អ្នកទាំងអស់គ្នាក៏សំខាន់ចំពោះសហគមន៍ និងគ្រួសាររបស់អ្នកទាំងអស់គ្នាផងដែរ ខ្ញុំប្រាកដថា ពួកគាត់កំពុងតែមានមោទនភាពចំពោះអ្នកទាំងអស់គ្នា”។
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ គ្រប់ពេលវេលា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងនៅតែបន្តរួមសហការគ្នាដើម្បីគាំទ្រសហគមន៍៕
អត្ថបទ និងរូបភាពដោយ៖ Puthi News