28 C
Phnom Penh
Thursday, September 19, 2024

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិនិត្យលទ្ធភាពស្តារផ្លូវទឹកនៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែវ ឆ្ពោះទៅសមុទ្រកំពត និងកែប

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាភិបាល មន្រ្តី បុគ្គលិក កម្មករ។

ថ្លែងនាឱកាសនោះទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែវ កំពត កែប មានចម្ងាយ១៦៨គីឡូម៉ែត្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការសិក្សាការស្ដារផ្លូវទឹក និងពិនិត្យមើលលទ្ធភាពធ្វើផ្លូវទឹកនេះថាធ្វើបាន ឬមិនបាន។

លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់ថា ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបបន្ថែមនេះ គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកា ក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកកាន់តែច្រើនផងដែរ។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំណតផែរណបពហុបំណង TS១១ គឺជាការវិនិយោគរវាងកំពង់ផែស្វយ័តភ្នំពេញ (ភាគទុន៥១%) និងក្រុមហ៊ុន PTLS Co., LTD (ភាគទុន៤៩%) ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ១២លានដុល្លារអាមេរិក។ គិតមកដល់ពេលនេះ ការសាងសង់សម្រេចបានជារួមប្រមាណ ៨៥% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមិថុនា និងបើកឱ្យដំណើរការប្រើប្រាស់កំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលអាចផ្ទុកទំនិញបានពី ៦ម៉ឺន ទៅ ៩ម៉ឺន TEUs ក្នុង១ឆ្នាំ។

លោករដ្ឋមន្ត្រីបានអះអាងទៀតថា គម្រោងប្រព័ន្ធផ្លូវទឹក និងភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ការអភិវឌ្ឍពហុវិស័យដូចជា៖ លើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនអន្តរកម្មដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នាជាមួយមជ្ឈមណ្ឌលដឹកជញ្ជូន តំបន់ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធធារាសាស្រ្ត ឧស្សាហកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គម្រោងនេះក៏នឹងជួយជំរុញ និងពន្លឿនការអភិវឌ្ឍនគរូបនីយកម្មទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅកម្ពុជា និរន្តរភាពកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងពន្លឿនការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជាផងដែរ៕


ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img