26 C
Phnom Penh
Monday, December 30, 2024

ក្នុងឆ្នាំ២០២៤ កម្ពុជា កើនឡើងផលិតផលកៅស៊ូចំនួន ១៥ ៤០៩តោន ស្មើនឹង ៣,៩៣% បើធៀបនឹងឆ្នាំ២០២៣

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតចៀរជ័រកៅស៊ូថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ នៅចម្ការកៅស៊ូជុប ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នេះជាការប្រកួតចៀរជ័រកៅស៊ូដំបូងបង្អស់ នៅក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានរៀបចំឡើងក្រោមការផ្ដួចផ្ដើមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ផលិតផលកៅស៊ូក្នុងឆ្នាំ២០២៤របស់កម្ពុជា សម្រេចបានចំនួន ៤០៧ ២០៩តោន កើនឡើងចំនួន ១៥ ៤០៩តោន ស្មើនឹង ៣,៩៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ការនាំចេញកៅស៊ូសម្រេចបានចំនួន ៣៩០ ០០០តោន ស្មើនឹងទឹកប្រាក់ចំនួនជាង ៦៤០លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមឯកឧត្តមរដ្ឋលេខាធិការ បានឲ្យដឹងថា  ការប្រកួតចៀរជ័រកៅស៊ូនេះ គឺរៀបចំឡើងដើម្បីស្វែងរកកម្មករចៀរជ័រកៅស៊ូ ដែលមានជំនាញ អាចចៀរជ័រកៅស៊ូតាមបច្ចេកទេសបានស្អាត នឹងលឿនរហ័ស។ ឯកឧត្តម សង្ឃឹមថា តាមរយៈការប្រកួតនេះ  បេក្ខជន បេក្ខនារី ទាំង៦៩រូប ដែលមកពីក្រុមវិនិយោគលើដំណាំកៅស៊ូ ចំនួន៣៤ក្រុមហ៊ុន និងសហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ មកពីខេត្តកំពង់ចាម,ត្បូងឃ្មុំ,ក្រចេះ,ស្ទឹងត្រែង,រតនគិរី,មណ្ឌលគិរី,កំពង់ធំ,និងពោធិ៍សាត់ អាចភ្ជាប់ទំនាក់ទំនង និងរៀនសូត្របច្ចេកទេសពីគ្នាទៅវិញទៅមក។

ឯកឧត្តម ប្រាក់ ដាវីដ ក៏បានមានប្រសាសន៍បន្ថែមថា កម្មវិធីនេះនឹងអាចធ្វើឲ្យសាធារណជនទូទៅ យល់ដឹងអំពីអនុវិស័យកៅស៊ូ។​ ឯកឧត្តម បន្តថាតម្រូវការកៅស៊ូនៅកម្ពុជាកំពុងតែកើនឡើងខ្ពស់ សម្រាប់ការផ្គត់ផ្គង់ដល់រោងចក្រផលិត និងកែច្នៃកង់រថយន្តនៅកម្ពុជា ដែលសព្វថ្ងៃមានចំនួន៣ និងកើនឡើងបន្ថែមទៀត។ ការណ៍នេះ ទាមទារឲ្យ កម្ពុជា រៀបចំខ្លួនឲ្យបានរួចរាល់ ជាពិសេសស ត្រូវមានកម្លាំងពលកម្មដែលមានជំនាញចៀរជ័រកៅស៊ូច្បាស់លាស់ ទើបអាចឈានទៅអភិវឌ្ឍវិស័យកៅស៊ូនៅកម្ពុជាបានជោគជ័យ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img