
(សេអ៊ូល)៖ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរបស់ពួកគេដែលមាន ការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងពិតជាបាញ់សាកល្បងមីស៊ីលមិនស្គាល់ម៉ាកមួយគ្រាប់ពិតមែន តែមិនបានបញ្ជាក់អ្វីបន្ថែមទេ ខណៈរដ្ឋាភិបាលជប៉ុន ក៏បានទទួលស្គាល់ដែរថាទំនងជាបានកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងមួយគ្រាប់។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះ រ៉ូណាល់ រីហ្កេន (Ronald Reagan) បានចូលរួមក្នុងសមយុទ្ធខាងលើ រួមជាមួយនាវាចម្បាំងមួយចំនួនទៀត។ រីឯភាគីកូរ៉េខាងត្បូង ក៏បានបញ្ជូននាវាយោធារបស់ខ្លួន ឱ្យចូលរួមផងដែរ។

វាគឺជាសមយុទ្ធយោធារួមគ្នាលើកទីមួយរវាងសម្ព័ន្ធមិត្តទាំងពីរ គិតចាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីខែឧសភា ហើយក៏ជាសមយុទ្ធយោធាទ្វេភាគីលើកដំបូងផងដែរ ដែលមានវត្តមាននាវាផ្ទុកយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិក គិតតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧មក៕


ប្រភព Reuters ដោយ៖ Puthinews