28 C
Phnom Penh
Tuesday, September 17, 2024

កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល បង្ក្រាបបានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៣នាក់ ជាបន្តបន្ទាប់

ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការស្រុក កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ជាបន្តបន្ទាប់ រួមនឹងវត្ថុតាងមួយចំនួន ។


លោកវរសេនីយ៍ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចំនួន ៣នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ អ៊ុត ពិសិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់កង់បី ស្នាក់នៅផ្ទះជួល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល, ទី២-ឈ្មោះ គឿន ថុនា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ធ្លាប់ជាប់ពន្ធនាគា ០១លើក រយៈពេល ១ឆ្នាំ នៅខេត្តកណ្តាល ពីបទ៖ សមគំនិតក្នុងអំពើធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងទី៣-ឈ្មោះ អាន សៀងហ៊ឺ ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោកមេបញ្ជាការបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកបានដឹកនាំកម្លាំងចុះទៅចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យកំពុងជិះម៉ូតូ ដោយសង្ស័យកម្លាំងលោកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ុត ពិសិទ្ធ និងឆែកឃើញមានថ្នាំញៀនចំនួន ០៧កញ្ចប់តូច លាក់ទុកក្នុងក្លុបម៉ូតូ (ឃ្លីក) រួចក៏នាំមកសាកសួរនៅមូលដ្ឋាន អហ ស្រុកអង្គស្នួល ។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អ៊ុត ពិសិទ្ធ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០៧កញ្ចប់ គឺពិតជារបស់ខ្លួន បានទិញពីឈ្មោះ អាន សៀងហ៊ឺ ភេទស្រី នៅភូមិព្រៃមាន ឃុំព្រៃពួច ក្នុងតម្លៃ ២៥ម៉ឺនរៀល យកមករំលែកលក់បន្ត ។ លុះដល់វេលាម៉ោង ១៥:៣០នាទី កម្លាំង អហ ស្រុកអង្គស្នួល បានបន្តនិតិវិធី ធ្វើការឃាត់ខ្លួនឈ្មោះ គឿន ថុនា ចំណុចក្នុងវត្ត ទួលសាលា ភូមិត្រពាងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ឆែកឃើញមានថ្នាំញៀនចំនួន ០២កញ្ចប់ លាក់ទុកក្នុងហោប៉ៅអាវផ្នែកខាងឆ្វេង ។

ជនសង្ស័យ ឈ្មោះ គឿន ថុនា បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០២កញ្ចប់ គឺពិតជារបស់ខ្លួន ដែលឈ្មោះ អាន សៀងហ៉ឺ ត្រូវជាមីង បានប្រើឲ្យខ្លួនយកថ្នាំមកឲ្យ ឈ្មោះ អ៊ុត ពិសិទ្ធ ចំនួន ២លើក ហើយក្នុងថ្ងៃនេះ ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០២នាក់ បានឆ្លើយថា ថ្នាំញៀនដែលខ្លួនមានកន្លងមក គឺទិញពីឈ្មោះ អាន សៀងហ៊ឺ ។ ដោយបានការអនុញ្ញត្តិពីលោកឧត្តមសេនីយ៍ មេបញ្ជាការ អហ ខេត្ត កម្លាំង អហ ស្រុកអង្គស្នួល បានធ្វើការកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួន ឈ្មោះ អាន សៀងហ៊ឺ បាននៅវេលាម៉ោង១៦:៣០នាទី ថ្ងៃដដែល និងឆែកឃើញប្រាក់ ២៥ម៉ឺនរៀល ដែលជាប្រាក់របស់ឈ្មោះ អ៊ុត ពិសិទ្ធ បានយកទៅទិញថ្នាំ រួមនឹងលេខដែលតេទាក់ទងគ្នា ។ ចំណែកជនសង្ស័យឈ្មោះ អាន សៀងហ៊ឺ បានបដិសេដ និងមិនសហការជាមួយសមត្ថកិច្ចឡើយ ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមក មូលដ្ឋាន អ ហ ស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img