28 C
Phnom Penh
Wednesday, December 4, 2024

១២ ខែ កម្ពុជាសម្រេចនាំចេញអង្ករបានជាង ៧០ ម៉ឺនតោនទៅបរទេស

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថានៅក្នុងរយៈពេល ១២ ខែ កម្ពុជាសម្រេចបានការនាំចេញអង្ករបានជាង៧០ ម៉ឺនតោន ទៅកាន់ទីផ្សារបរទេស។ លោកឧកញ៉ា បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ១២ ខែ (ខែសីហាឆ្នាំ ២០២៣ ដល់ ខែសីហា ឆ្នាំ ២០២៤) នៃរាជរដ្ឋាភិបាលនីតិកាលទី៧ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺការនាំចេញអង្ករបានចំនួន ៧០៥ ៦៣៨ តោន និងនាំស្រូវចេញបានចំនួន ៥,០២៧,៣៦៩ តោន។លើកឡើងក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ឧកញ៉ា ចាន់ សុឃាំង បានគូសបញ្ជាក់ថា វិស័យស្រូវអង្ករកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលអនុម័តដោយគណរដ្ឋមន្ត្រី នាថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១០ ក្នុង គោលបំណងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងសន្ទុះ និងទំហំថ្មីមួយដើម្បីពង្រីក និងពង្រឹងមូលដ្ឋានកំណើនសេដ្ឋកិច្ចផង ព្រមទាំងល្បឿននៃការកាត់បន្ថយភាពក្រីក្រ និងលើកតម្កើងជីវភាពរបស់ ប្រជាជនផងដែរ។ ជាក់ស្តែង តាមរយៈគោលនយោបាយដ៏មានសារៈសំខាន់នេះ ផលិតកម្មស្រូវនៅក្នុងឆ្នាំ២០១០-២០១១ មាន បរិមាណត្រឹមតែ៧.៣ លានតោនស្រូវសើម ហើយការនាំចេញបានត្រឹមតែ ១៣ ពាន់តោនអង្ករ និង ២០ ពាន់តោន ស្រូវនៅឆ្នាំ២០០៩។ តាមរយៈគោលនយោបាយដាក់ចេញដោយរដ្ឋាភិបាល បានជំរុញឱ្យមានការរីកចម្រើនជាជំហានៗ តួយ៉ាង ផលិតកម្ម ស្រូវបានកើនដល់ ១២.៤៥ លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន៦៥៦ ពាន់ តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួន៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ជារួម ការនាំចេញស្រូវ និងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១.៧៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img