ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងបញ្ជាក់ថា ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក គឺជាសមិទ្ធផលមួយដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាច្បាប់ដំបូងបង្អស់សម្រាប់គ្រប់គ្រងការដឹកជីញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៅកម្ពុជា។ ឯកឧត្តមបញ្ជាក់ដែរថា ច្បាប់នេះបានកំណត់អំពីការគ្រប់គ្រង
និងការអភិវឌ្ឍ វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹកព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ក៏ដូចជាផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក នៅសណ្ឋាគារភ្នំពេញ និងដោយមានការចូលរួមពីលោក អ៊ូស៊ីណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា លោក សាណូយ កាសីម៉ាសា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន VICA) ប្រចាំកម្ពុជា និងមាន លោក លោក ស្រី និងអង្គសិក្ខាសាលាជាច្រើនរូបទៀត។ ឯកឩត្តម ប៉េង ពោធិ៍នា បានបន្ថែមដែរថា ច្បាប់នេះគឺជាឧបករណ៍គតិយុត្តដ៏សំខាន់មួយសម្រាប់ពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ការអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវទឹកក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New