ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស Li Jingfeng អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធានៅកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងជំនួបនេះ អនុព័ន្ធយោធាចិនបានជម្រាបជូន និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីលទ្ធផលការងារជាច្រើន ដែលលោកខិតខំសម្រេចបានក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ជាពិសេសលើកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានកើតឡើងចំពេលដើមអាណត្តិការងាររបស់លោកតែម្តង។ ក្រៅពីនេះ លោកវរសេនីយ៍ឯកពិសេស Li Jingfeng បានអរគុណលោក ហ៊ុន ម៉ាណែត ដែលតែងយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងស្នាដៃសមិទ្ធិផលការងារទាំងឡាយរបស់លោកវរសេនីយ៍ឯកពិសេស Li Jingfeng ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសការឧបត្ថម្ភគ្រប់បែបយ៉ាងក្នុងដំណាក់កាលដែលកងទ័ពកម្ពុជាកំពុងប្រឈមដោះស្រាយបញ្ហានៃការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។
លោកបានអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលតែងបានចូលរួមចំណែកក្នុងដំណើរការនៃការកសាងស្ថាបនាកម្ពុជា ទាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់សុខមាលភាពប្រជាជន ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ និងសំខាន់ៗនានាជាច្រើន។

ក្នុងកាលៈទេសៈដ៏លំបាកចំពោះមុខបង្កឡើងដោយជំងឺកូវីដ-១៩ កម្ពុជាក៏បានទទួលនូវការឧបត្ថម្ភគាំទ្រគ្រប់លទ្ធភាព និងមធ្យោបាយ ក្នុងនោះមានទាំងការញ្ជូនក្រុមគ្រូពេទ្យជំនាញមកចែករំលែកបទពិសោធន៍ ការបរិច្ចាគសម្ភារ បរិក្ខារវេជ្ជសាស្ត្រ និងការផ្តល់នូវវ៉ាក់សាំងទាំងក្នុងក្របខណ្ឌជំនួយ និងការសម្របសម្រួលការបញ្ជាទិញ រហូតកម្ពុជាអាចឈានដល់ការសម្រេចជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស គួរជាទីមោទនៈ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News